(ពោធិ៍សាត់)៖ លោក ចន វើលលីស (John Willlis) តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា អន្ទាក់គ្រប់ប្រភេទដែលព្រានព្រៃ បានលួចដាក់នៅក្នុងព្រៃតំបន់ការពារធនធានធម្មជាតិនានារបស់កម្ពុជា បានបំផ្លាញជីវិតសត្វព្រៃគ្រប់ប្រភេទដោយមិនរើសមុខ។

ការលើកឡើងបែបនេះ របស់លោក ចន វើលលីស បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។

លោកបានថ្លែងថា អ្វីដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សម្រេចចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យលើកទី២ ដែលរៀបចំដោយក្រសួងបរិស្ថាន និងអង្គការដៃគូ គឺដោយសារតែមើលឃើញពីផលប៉ះពាល់ដោយសារអន្ទាក់មកលើសត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់ការពារធនធានធម្មជាតិ របស់កម្ពុជា។

លោក ចន វើលលីស បានបន្តថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្កើតការដើរល្បាតរួមជាមួយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន លើផ្ទៃដីរងទឹកភ្លៀងតាមជួរភ្នំក្រវាញ លើផ្ទៃដី ១.៥លានហិកតា ដែលជាតំបន់ជម្រកសត្វព្រៃកម្រជាង ៦៤ប្រភេទ ដែលបានចុះក្នុងបញ្ជីក្រហមរបស់ អង្គការ IUCN (LR) រួមមានដំរីអាស៉ី ល្មូន ទោច ជាដើម។ល។

សម្រាប់លោក ចន វើលលីស បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋ និងអ្នកភិរក្ស បានប្រៀបធៀបអន្ទាក់ទៅនឹងគ្រាប់មីន ដោយសារតែអន្ទាក់ គឺបានសម្លាប់សត្វមិនរើសមុខឡើយ អន្ទាក់ក៏បានបំផ្លាញមុខរបរ និងឱកាសសេដ្ឋកិច្ចប្រជាពលរដ្ឋស្លូតត្រង់ផងដែរ សម្រាប់យុទ្ធនាការអន្ទាក់សូន្យដែលដឹកនាំដោយក្រសួងបរិស្ថាន គឺជាយុទ្ធនាការមួយដ៏មានសារសំខាន់ក្នុងការការពារការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសកម្ពុជា ក៏ដូចជាជីវិតរបស់សត្វព្រៃផងដែរ។

បន្ថែមពីនេះ លោកបានឱ្យដឹងថា កាលពីឆ្នាំ២០២២ កន្លងមកនេះ មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីឧទ្យាននុរក្ស បានដោះអន្ទាក់សំណាញ់ជាង ១ម៉ឺនម៉ែត្រ និងអន្ទាក់ចម្រុះជាង ៥ម៉ឺនអន្ទាក់បន្ថែមទៀត។ ឆ្នាំ២០២២ ដូចគ្នាមន្ត្រីបានជួយសង្គ្រោះសត្វព្រៃចម្រុះជាង ៤០០ក្បាល ដែលចំនួនសត្វទាំងនេះភាគច្រើនគឺបានជាប់អន្ទាក់។

«តាមការការពារនៅតំបន់ជួរភ្នំក្រវាញ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ យល់ឃើញថា ការគំរាមកំហែងសត្វព្រៃ ជារើយៗអាចនឹងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជាផងដែរ ហើយអ្នកប្រមាញ់ដែលដាក់អន្ទាក់អាចទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លី ប៉ុន្តែ មនុស្សដទៃទៀតដែលស្លូតត្រង់នៅក្នុងសហគមន៍វិញ គឺទទួលបានការបាត់បង់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វើលលីស។

លោក ចន វើលលីស បានឱ្យដឹងថា ការដាក់អន្ទាក់ គឺប៉ះពាល់ទៅដល់ប្រាក់ចំណូលតាមរយៈការលក់ឥណទានកាបូន ក៏ដូចជាចំណូលដែលមកទស្សនារបស់ភ្ញៀវទេសចរជាដើម។ ក្រុមហ៊ុនដែលទិញឥណទានកាបូក តែងតែមានចំណាប់អារម្មណ៍ទៅលើគម្រោងដែលការពារសត្វព្រៃ។ បន្ថែមពីនេះការលក់ឥណទានកាបូននៅតំបន់ជួរភ្នំក្រវាញ គឺបានយកថវិកាទៅកសាងអណ្តូងទឹក ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព បង្គន់អនាម័យ ជាពិសេសបានចូលរួមគាំទ្រមូលនិធិអាហារូបករណ៍ក្នុងខេត្តកោះកុង ចាប់ពីឆ្នាំ២០១៩ មកម្ល៉េះ។

អ្នកអភិរក្សរូបនេះ បានសង្កត់ធ្ងន់ៗថា «សកម្មភាពដល់អាត្មានិយមរបស់អ្នកដាក់អន្ទាក់ទាំងនេះ គឺធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូត្រង់ សត្វព្រៃដែលបានបាត់បង់អតិថិជនដែលបានជាវនូវឥណទានកាបូន នឹងបែរទៅរកប្រទេសផ្សេង មិនមែនប្រទេសកម្ពុជាទេ»

បើតាមលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ សម្បូរសត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋត្រូវចូលរួមក្នុងការការពារ និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ និងជាការចូលរួមក្នុងការលើកស្ទួយទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី។

លោកបានបន្តថា យុទ្ធនាការ អន្ទាក់សូន្យរៀបចំ ឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយឡែកលោក សេង ទៀក នាយកអង្គការ WWF កម្ពុជាបានបញ្ជាក់ឱ្យដឹងថា សារដ៏សំខាន់ពីវិបត្តិអន្ទាក់ និងសារសំខាន់នៃតម្លៃសត្វព្រៃ សារសំខាន់ពីវិបត្តិអន្ទាក់និងសារសំខាន់ៗផ្សេងទៀតក្នុងតំណាក់កាលទី១ នៃយុទ្ធនាការអន្ទាក់សូន្យទី១ បានផ្តល់ការជ្រួតជ្រាបក្នុងការយល់ដឹងដល់សំណាក់ប្រជាពលរដ្ឋជាង៣លាននាក់។ ជាមួយគ្នាសារដែលជាខមមិនក្នុងបណ្តាញសារសង្គមបានជំរុញឱ្យមានការផ្សព្វផ្សាយ និងបំផុសចលនាបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបពីកិច្ចការពារសត្វព្រៃដើម្បីឱ្យបានគង់វង្ស៕