(បាត់ដំបង)៖ លោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមូលនិធិសម្តេចក្រឡាហោម ស ខេង ទៅចែកជូន ជនទីទាល់ក្រ ចាស់ជរាឥតទីពឹង ជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ ស្រ្តីសម្រាបកូននិងគ្រួសារមរណៈនៅតាមខ្នងផ្ទះក្នុងភូមិ នានានៅឃុំភ្នំសំពៅ និងប្រជុំការងារជាមួយសកម្មជនសមាជិកបក្សមូលដ្ឋានដែលបានចែកជាក្រុមចុះផ្ទៀងផ្ទាត់បញ្ជីដែលបានធ្វើបច្ចុប្បន្នភាពរួចកន្លងមក។
លោក ហែម ថេង បានថ្លែងថា ដោយយោងតាមការណែនាំ ជាប្រចាំរបស់លោក សុខ ផល ប្រធានក្រុមការងារចុះជួយ ស្រុកបាណន់ រួចមកលោកបានដឹកនាំក្រុមការងារ នាំអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាទៅចែកជូនប្រជាពលរដ្ឋ ដែលជាជនទីទាល់ក្រ ចាស់ជរាឥតទីពឹង ជនពិការ ក្មេងកំព្រា អ្នកផ្ទុកនិងកើតជម្ងឺអេដស៍ មានចំនួន៥គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ ទឹកត្រី២យួរ ត្រីខកំប៉ុង២យួរ ប្រេងឆាចំណុះ៥លីត្រ១ដប នំធុង១ធុង សារ៉ុង១ ក្រមា១ និងថវិកា២០ម៉ឺនរៀល ។
ដោយឡែកស្រ្តីទើបសម្រាលកូននិងគ្រសួសារមរណៈចំនួន៤២នាក់ ក្រុមការងារបាននាំមូលនិធិសម្តេចក្រឡាហោម ស ខេង យកទៅចែកជូនតាមខ្នងផ្ទះដោយម្នាក់ៗទទួលបាន២០ម៉ឺនរៀល។
ទន្ទឹមនឹងចែកអំណោយនិងកិច្ចប្រជុំបក្សមូលដ្ឋាននេះ លោកប្រធានក៏បានចែកអាវភ្លៀងដល់សកម្មជនសមាជិកមូលដ្ឋានចំនួន៤៣នាក់ បានទទួលម្នាក់១ផង និងបានឧត្ថមថវិកាមួយចំនួនសម្រាប់ទុកប្រើប្រាស់ចំណាយផ្សេងៗប្រចាំថ្ងៃផង។
លោកបានបន្តថា តាមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាកន្លងមក តែងតែយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។
បន្ទាប់មកលោកប្រធានក៏បានសំណេះសំណាល ជាមួយក្រុមការងារមូលដ្ឋាន ដោយបានបែងចែកជាក្រុមសម្រាប់ធ្វើបច្ចុប្បន្នភាពកន្លងមក យកមកផ្ទៀងផ្ទាត់គ្នា ដើម្បីចង់ដឹងពីស្ថិតិតួរលេខសមាជិកបក្សរស់នៅបច្ចុប្បន្នក្នុងមូលដ្ឋាន ការផ្លាស់ប្តូរ ទីលំនៅ ចេញ ចូល កើតថ្មីមានចំនួនច្បាស់លាស់ពិតប្រាកដ ដើម្បីត្រៀមរៀបចំឈ្មោះទៅចុះឈ្មោះក្នុងបញ្ជីសម្រាប់ទៅបោះឆ្នោត ឃុំ សង្កាត់ នាឆ្នាំ២០១៧ខាងមុខនេះ និងដើម្បីទាញសម្លេងឆ្នោតឲ្យគណបក្សប្រជាជនបានទទួលជ័យជំនះដើម្បីដឹកនាំកសាងនិងការអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀតផងដែរ៕