(ភ្នំពេញ)៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានចំណុះជាង១ម៉ឺនគ្រែ គ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ ហើយដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់សម្ដេចតេជោ ដែលធ្វើយ៉ាងណាឲ្យក្រសួងសុខាភិបាល រៀបចំបន្ទប់វះកាត់ និងព្យាបាលជំងឺH3 នៃមន្ទីរពេទ្យជាតិនេះ ឲ្យបានរួចរាល់នៅមុនការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ខាងមុខនេះ, នៅថ្ងៃទី៦ ខែមេសានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិនេះដោយផ្ទាល់។

ក្នុងឱកាសនោះ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុន ដែលទទួលម៉ៅការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ពន្លឿនការសាងសង់ឲ្យបានលឿន ពោល គឺធ្វើយ៉ាងណាឲ្យរួចរាល់ទៅតាមផែនការ ដែលបានគ្រោងទុក។

ក្រៅពីការដើរពិនិត្យដោយផ្ទាល់ហើយនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងលោកអភិបាលរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំនៅក្នុងទីតាំងនៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រធ្វើយ៉ាងណាឲ្យសំណង់ដ៏សំខាន់មួយនេះបានរួចរាល់ទៅតាមគម្រោង ដែលគ្រោងទុក ពិសេសអគារH3 ដែលជាអគារសម្រាប់វះកាត់ និងព្យាបាលជំងឺកីឡាករ កីឡាការិនីដែលរងរបួស ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «ក្រៅពីមានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ មន្ទីរពេទ្យជាតិ តេជោសន្តិភាព ទទួលព្យាបាលកីឡាករ កីឡាការិនីព្យាបាលដោយមិនគិតថ្លៃ គឺយើងបានចាប់ដំណើរការទទួលព្យាបាលជាបណ្ដើរៗ ដោយមានគ្រូពេទ្យយាមប្រចាំការ២៤ម៉ោង ហើយរហូតដល់ចុងខែមីនា យើងបានពិនិត្យព្យាបាលអ្នកជំងឺ ចំនួន៤២នាក់ ក្នុងហ្នឹងមានអ្នកជំងឺធ្ងន់ដែលយើងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន២នាក់ ហើយក៏បានជាសះស្បើយផងដែរ។ យើងនឹងបន្តត្រៀមទទួលពិនិត្យព្យាបាលអ្នកជំងឺ ដែលជាកីឡាករ កីឡាការិនីដោយមិនគិតថ្លៃ ជាពិសេសបើមានប្រជាពលរដ្ឋដែលមកទទួលសេវា ក៏យើងទទួលពិនិត្យព្យាបាលផងដែរ»។

សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1, T2 ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.Co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។

មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត យក់សម្បត្តិ៕