(សៀមរាប)៖ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ នៅស្រុកជីក្រែងចំនួន៧៤គ្រួសារ។
គួរជម្រាបថា ប្រជាពលរដ្ឋរងគ្រោះដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ គឺកើតឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
លោក ហ៊ុយ ភៀវ បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងបង្កឱ្យមានរបួសទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថាថ្វីដ្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនប្រជានាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់ តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឧកញ៉ាក៏បានក្រើនរំលឹកដល់លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះជាចុងរដូវប្រាំងក្កៅហួតហែងខ្លាំង ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ជាងនេះទៀត សុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗក្នុងរដូវនេះ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ គ្រួសាររលំផ្ទះមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។ គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
ជនរងគ្រោះរបួសស្រាល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកឧកញ៉ាបានឧត្ថម្ភបន្ថែមនូវដើមឫស្សីចំនួន២០ដើម ឬអាចច្រើនជាងនេះ សម្រាប់គ្រួសារដែលមានតម្រូវការដើមឫស្សី ដើម្បីជួសជុលផ្ទះរបស់ពួកគាត់ឡើងវិញក្រោយពេលទទួលរងគ្រោះ៕