(កំពង់ធំ)៖ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យរួមទាំងមន្ត្រី និងដោយមានចូលរួមដោយលោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់សត្វគោ ជូនកសិករនៅភូមិគោករវៀង ឃុំប្រឡាយ ស្រុកស្ទោង នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

លោក ចាន់ បញ្ញាវ័ន្ត បានឱ្យដឹងថា ក្នុងមួយឆ្នាំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ដើម្បីបង្ការការ ឆ្លងជំងឺមួយចំនួនដល់សត្វពាហណៈរបស់ប្រជាពលរដ្ឋ ដូចជាជំងឺសាទឹក អុតក្តាម និងបូសខ្យល់ជាដើម ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋ ចំណាយថវិកាឡើយ ក្នុងនោះសម្រាប់ខេត្តកំពង់ធំ បានចាប់ផ្តើមដំណើរការនូវយុទ្ធនាការនេះ គ្រប់ស្រុកទាំងអស់ ទូទាំងខេត្តឱ្យបានមុនរដូវភ្លៀងធ្លាក់ជោគជាំចូលមកដល់។

លោកបន្តទៀតថា ចំពោះវ៉ាក់សាំងដែលបានផ្តល់ដល់សត្វគោ ក្របី របស់ប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានសារសំខាន់ ក្នុងការពារសត្វទាំងនោះពីជំងឺឆ្លងផ្សេងៗ ចៀសវាងសត្វឈឺឬងាប់ ឬអាចឆ្លងជាទ្រង់ទ្រាយធំ ដែលនាំឱ្យបងប្អូនត្រូវ ខាតបង់ថវិកា ដូច្នេះសូមប្រជាពលរដ្ឋ យកសត្វគោក្របីរបស់ខ្លួនមកចាក់វ៉ាក់សាំងតាមការជូនដំណឹងរបស់ អាជ្ញាធរភូមិ ឃុំ។

ថ្លែងក្នុងឱកាសនោះលោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានមានប្រសាសន៍ក្នុងឱកាសនោះថា ជារៀងរាល់ឆ្នាំ មន្ត្រីជំនាញកសិកម្ម តែងតែបានអនុវត្ត ការចាក់ថ្នាំការពារជំងឺឆ្លងដល់សត្វគោ ក្របី តាមខ្នងផ្ទះប្រជាពលរដ្ឋរបស់យើង ឲ្យបានមុនពេលទឹកជំនន់ ដោយហេតុថាពេលមានទឹកជំនន់ គោ ក្របី វាងាយនឹងកើតជំងឺសារទឹក ជំងឺអុតក្តាម និងជំងឺបូសខ្យល់។

លោកបានបន្តថា ថ្វីដ្បិតតែសម័យកាលនេះទំនើប មានប្រជាកសិករមួយចំនួនមានលទ្ធភាពប្រើគ្រឿងចក្រ ប៉ុន្តែក៏នៅ មានកសិករយើងជាច្រើន ដែលកំពុងតែប្រើប្រាស់សត្វគោ ក្របី ដើម្បីប្រកបការងារកសិកម្មនេះផងដែរ ពោលគឺសត្វ គោ ក្របី ពិតជាមានផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករ ហេតុដូច្នេះហើយទើបអាជ្ញាធរខេត្ត ជាពិសេសគឺមាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការចាក់ថ្នាំការពារសុខភាពសត្វ នៅគ្រប់ មូលដ្ឋានទាំងអស់ក្នុងខេត្តកំពង់ធំតែម្តង ដើម្បីកុំឲ្យមានសត្វគោ ក្របី ងាប់ដោយសារជំងឺឆ្លងនោះដែលនាំឲ្យមានការ ខាតបង់ធ្ងន់ធ្ងរដល់ប្រជាកសិកររបស់យើង ។

ជាចុងក្រោយលោក បានអំពាវនាវដល់កសិករដែលជាម្ចាស់សត្វឲ្យនាំយកសត្វគោ ក្របី មកចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងផ្សេងៗ និងបានណែនាំពីវិធានការណ៍ការពារទប់ស្កាត់ការឆ្លងជំងឺសត្វ ត្រូវពង្រឹងកិច្ចសហការឲ្យបានល្អប្រសើរ រវាង មន្ត្រីជំនាញថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរ មូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ ជាមួយ កសិករ ហើយនៅពេលដែលមាន សត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋាន ផ្ទាល់ដើម្បីឲ្យមន្ត្រីជំនាញចុះអន្តរាគមន៍ ទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឲ្យបានទាន់ពេលវេលា។

បញ្ចាក់៖ ជាលទ្ធផលក្រុមការងារសម្រេចបាន គោសរុបចំនួន២០០ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំងបូសខ្យល់ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ជូនកសិករក្នុងមូលដ្ឋានរបស់ពួកគាត់។ បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់របស់កសិករឈ្មោះ សុខ តាំងហុក ដែលបានចិញ្ចឹមចាប់ដៃគូសហការជាមួយក្រុមហ៊ុន CP (ជ្រូកដល់អាយុត្រូវចាប់ចេញ) ភូមិត្រពាំងឫស្សី ឃុំពពក ស្រុកស្ទោង៕