(វៀតណាម)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាមួយនិស្សិតកម្ពុជាចំនួន១០៨នាក់ ដែលកំពុងសិក្សានៅសាលាថៃង្វៀន ដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលវៀតណាម។

លោក អ៉ិត សំហេង បានសម្ដែងនូវការនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូដល់អនាគតនិស្សិតកម្ពុជាក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាពរបស់ពួកគេសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំផ្តល់ឱកាសដល់យុវជនឱ្យទទួលបាននូវឱកាសសិក្សាសម្រាប់អនាគតរបស់ពួកគេ ទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ឱកាសដែលនិស្សិតកម្ពុជាបានមកសិក្សានៅសាលាថៃង្វៀននេះ បើគ្មានកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរទេ គឺមិនមានឱកាសបែបនេះទេ។

ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គោលនយោបាយជាច្រើនបាននិងកំពុងអនុវត្តដើម្បីជំរុញកសាងធនធានមនុស្សគ្រប់ប្រភេទ ជាពិសេសធនធានមនុស្សផ្នែកវិជ្ជាជីវ: ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច សង្គម កម្ពុជានាពេលបច្ចុប្បន្ន។

ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យចេះស្រឡាញ់គ្នាជួយថែរក្សាគ្នា គោរពឱ្យបានតាមបទបញ្ជផ្ទៃក្នុង វិន័យ ក៏ដូចជាច្បាប់ទម្លាប់នៅប្រទេសវៀតណាម ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់កម្ពុជាក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា និស្សិតទាំង១០៨នាក់នេះបានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បច្ចុប្បន្នកំពុងសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងរយៈពេល៤ឆ្នាំ (សិក្សាភាសារយៈពេល១ឆ្នាំ និងជំនាញរយៈពេល៣ឆ្នាំ) លើមុខជំនាញ៖ បច្ចេកទេស និងវិជ្ជាជីវៈ ដូចជា ទំនាក់ទំនង និងបច្ចេកទេសអេឡិចត្រូនិក, ប្រៃសណីយ៍ និងទូរគមនាគមន៍, វិស្វកម្មអេឡិចត្រូនិក និងទំនាក់ទំនង, អគ្គិសនីឧស្សាហកម្ម, គ្រប់គ្រងពាណិជ្ជកម្ម, សេវាកម្មច្បាប់, គណនេយ្យអាជីវកម្ម, សវនកម្មគណនេយ្យ, ធនាគារ និងហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា៕