(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងលោក ឯម សុត ប្រធាន គ.ខ.ប ខេត្ត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះក៏មានការចូលរួមពីអនុប្រធាន និងសមាជិក គ.ខ.ប ប្រធាន និងអនុប្រធាន លគ.ខប ស្វាយរៀង តំណាងកងកម្លាំងទាំង៣ប្រភេទ លោកអភិបាល/អភិបាលរងក្រុង ស្រុកទាំង៨, តំណាងមន្ទីរព័ត៌មានខេត្ត តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីបោះឆ្នោតនៃ លគ.ខប ស្វាយរៀង។
លោកបានដាក់ចេញនូវសំណូមពរមួយចំនួនដល់ភាគីពាក់ព័ន្ធអនុវត្តដូចខាងក្រោម៖
១. ចំពោះគណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ត្រូវត្រៀមលក្ខណៈ និងឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ទុកជាមុន ដើម្បីយកទៅដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប ឱ្យបានទាន់ពេលវេលាកំណត់។
២. ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ ក៏ត្រូវត្រៀមរៀបចំឯកសារពាក់ព័ន្ធដូចគ្នាដែរ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងគោលដៅជំរុញឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោតជាធរមាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។
៣. ស្នងការដ្ឋាននគរបាលខេត្ត ដែលជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខបោះឆ្នោតឱ្យបានច្បាស់លាស់ សំដៅធានាបាននូវបរិយាកាសបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយរលូនល្អ សន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ ឬ/និងអំពើហិង្សា។
៤. អភិបាលក្រុង ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
៥. អភិបាលក្រុង ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួលក្នុងការចេញលិខិតបញ្ជាក់ពីភាពមានឈ្មោះរបស់ភ្នាក់ងារគណបក្សនយោបាយក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ជូនភ្នាក់ងាររបស់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
៦. គ្រប់ភាគីពាក់ព័ន្ធត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីចូលរួមលើកកម្ពស់ភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
៧. មន្ទីរព័ត៌មានខេត្តស្វាយរៀង ត្រូវផ្ដល់កិច្ចសហការល្អជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងជួយផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តស្វាយរៀង តាមការស្នើសុំរបស់ គ.ខ.ប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបោះឆ្នោត៕