(អាមេរិក)៖ យន្តហោះដឹកអ្នកដំណើរ ១៣០នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានចុះចតខុសគោលដៅ ប៉ុន្តែអ្នកដំណើរនៅលើយន្តហោះទាំងអស់មានសុវត្ថិភាព ហើយនៅពេលនេះ ក្រុមមន្ត្រីជំនាញកំពុងតែធ្វើការស៊ើបអង្កេត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា។
គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូន (NTSB) បានឲ្យដឹងថា យន្តហោះ Delta A320 ជើងហោះហើរ Flight 2845 បានហោះចេញពីអាកាសយានដ្ឋាន Minneapolis និងត្រូវចុះចតនៅអាកាសយានដ្ឋាន Rapid City Regional Airport ប៉ុន្តែបែរជាទៅចុះចតនៅមូលដ្ឋានទ័ពអាកាស Ellsworth Air Force Base របស់អាមេរិកទៅវិញ នាម៉ោង ៨៖៤២នាទីយប់ថ្ងៃព្រហស្បតិ៍ ដែលទាំងពីរកន្លែងនេះ មានចម្ងាយពីគ្នាជាង ១៦គីឡូម៉ែត្រ។
ក្រុមហ៊ុនអាកាចរណ៍ Delta បានសេចក្ដីសុំទោសចំពោះរឿងនេះ ប៉ុន្តែគណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូន កំពុងតែធ្វើការស៊ើបអង្កេតលើសហនាវិក អ្នកបើកបរ ព្រមទាំងក្រុមហ៊ុន ព្រោះថា Delta មិនមានប្រាប់ពីមូលហេតុនៃការចុះចតខុសកន្លែងនេះទេ។
អ្នកដំណើរនៅលើយន្តហោះ បាននិយាយថា ពួកគាត់ត្រូវបានគេអនុញ្ញាតឲ្យបើប្រាស់ទូរស័ព្ទដើម្បីទាក់ទងទៅកាន់សាច់ញាតិកុំឲ្យព្រួយបារម្ភពីរឿងចុងចតខុសកន្លែងនេះ ហើយពួកគាត់បានបញ្ជាក់ថា គាត់ឃើញមានទាហានដើរចុះឡើងនៅខាងក្រៅយន្តហោះ ព្រមទាំងឃើញមានឆ្កែហិតគ្រឿងញៀនទៀតផង៕