(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានប្រតិកម្មនឹងថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលបានប្រមាថចំពោះប្រព័ន្ធអប់រំនៅកម្ពុជា និងចាត់ទុកគោលនយោបាយអប់រំរបស់ពួកគេ ជាគោលនយោបាយផ្កាយលើមេឃ។
ប្រតិកម្មរបស់លោក សឿង សុធានី បានធ្វើឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន លោក សុខ គឹមសេង អគ្គលេខាធិការរងគណបក្សភ្លើងទៀន និងជាប្រធានក្រុមការងារបក្សភ្លើងទៀនខេត្តសៀមរាប បានថ្លែងវាយប្រហារលើប្រព័ន្ធអប់រំថាខ្សោយ។
សម្រាប់លោក សឿង សុធានី ការថ្លែងរបស់លោក សុខ គឹមសេង គឺជាការថ្លែងដោយមិនឆ្លុះបញ្ចាំងពីតថភាពពិតនៃវិស័យអប់រំនៅកម្ពុជានោះឡើយ។ លោក សឿង សុធានី បានលើកឡើងថា ធៀបនឹងស្ថានអប់រំក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ការអប់រំនាពេលបច្ចុប្បន្នមានស្ថានភាពកាន់តែល្អប្រសើរ កូនចៅប្រជាពលរដ្ឋមានឱកាសស្មើគ្នាក្នុងការសិក្សារៀនសូត្រ។
បន្ថែមពីលើនោះ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានព្យាយាមពង្រាយសាលាទៅកៀកលំនៅឋានប្រជាពលរដ្ឋធ្វើឱ្យអត្រាបោះបង់ការសិក្សាកាន់តែទៀប។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ បានបង្ហាញថា ក្នុងឆ្នាំសិក្សា២០២១-២០២២ គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងរដ្ឋ និងឯកជនមានរហូតដល់ទៅ ១៨,៤៣០សាលា ហើយមានសិស្សរហូតដល់ទៅជាង ៣.៥លាននាក់កំពុងសិក្សារៀនសូត្រ។ តាមរយៈទិន្នន័យនេះ បង្ហាញថា សាសាជាច្រើនបានបង្កើតឡើង ហើយ កូនចៅប្រជាពលរដ្ឋច្រើនលើសលុប កំពុងទទួលបានការអប់រំក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
ទឡ្ហីករណ៍បង្ហាញពីសមិទ្ធផលអប់រំដ៏ប្រសើរមួយទៀតរបស់កម្ពុជានោះ គឺនៅពេលថ្មីៗនេះ ក្រសួងអប់រំកម្ពុជា ទើបនឹងទទួលបានពានរង្វាន់ World Literacy Foundation Award ពីអង្គការសប្បុរសធម៌អក្ខរកម្មពិភពលោកកំពូល និងក្រុមប្រឹក្សាអក្ខរកម្មពិភពលោក។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវភាពលេចធ្លោរបស់កម្ពុជា ក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។
សម្រាប់លោក សុធានី ដែលជាខ្មែរកម្ពុជាក្រោម បានមើលឃើញថា ពានរង្វាន់នេះ ជាការទទួលស្គាល់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ការអប់រំ ហើយបានបញ្ជាក់គ្រប់គ្រាន់តបការចោទប្រកាន់របស់មេដឹកនាំបក្សភ្លើងទៀន។
ឈរលើមូលដ្ឋានខាងលើនេះ លោក សឿង សុធានី ចាត់ទុកអ្វីដែលមេដឹកនាំបក្សភ្លើងទៀន គឺជាសារមួយដែលមិនឆ្លុះបញ្ចាំងតថភាពពិតនៃការអប់រំនៅកម្ពុជានោះឡើយ។
លោក សុធានី បានអំពាវនាវប្រជាពលរដ្ឋកុំឱ្យជឿលើនយោបាយប្រជាភិថុតិរបស់ក្រុមប្រឆាំង ហើយត្រូវជឿជាក់លើគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យការអប់រំកាន់តែប្រសើរឡើង៕