(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងថា សូមកុំគិតថាសាច់ ឈាម និងឆ្អឹងសត្វព្រៃថ្នាំ គឺជាឱសថ និងប៉ូវកម្លាំងឱ្យសោះ ប៉ុន្តែ ត្រូវចាត់ទុកសត្វព្រៃ គឺជាមិត្តដ៏ល្អ ពីព្រោះសត្វព្រៃ ជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប។

ការលើកលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពរៀបចំសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា «យុុទ្ធនាការអន្ទាក់សូន្យ គឺជាកម្មវត្ថុផ្តល់ជម្រកដល់សត្វព្រៃ ផ្តល់នូវសុវត្ថិភាពឱ្យមនុស្ស ដើម្បីផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋជុំវិញសត្វព្រៃកុំឱ្យយកសត្វព្រៃ ដោយគិតថាជាថ្នាំ ជាឱសថព្យាបាល តែយើងត្រូវចាត់ទុកថា សត្វព្រៃជាមិត្តរបស់យើង ជាផ្នែកមួយនៃជីវិតរបស់យើង ពីព្រោះយើងអាចរស់នៅបានគឺអាស្រ័យទៅលើធម្មជាតិ»

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា សត្វព្រៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើតុល្យភាពប្រព័ន្ធអេកូឡស៉ី។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា អ្វីដែលក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូតម្រង់ឆ្ពោះមកកាន់តំបន់ជួរភ្នំក្រវាញនេះ ដើម្បីបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ ដោយសារតែតំបន់នេះសម្បុរទៅដោយសត្វព្រៃដ៏សំបូរបែប។ បើតាមការសិក្សាកន្លងមកនេះ តំបន់ជួរភ្នំក្រវាញ ជាតំបន់មួយដែលមានអន្ទាក់ច្រើន។

ជុំវិញករណីនេះអន្ទាក់នៅជួរភ្នំក្រវាញ, ត្រូវបានលោក នេត្រ ភក្ត្រា បានឱ្យដឹងថា រយៈពេល២ឆ្នាំ ការប្រមូលអន្ទាក់ ៦៦,៣៧៥អន្ទាក់ ដែលត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។ ដូច្នេះ តំបន់ជួរភ្នំក្រវាញ បានក្លាយជាតំបន់ដោះបានអន្ទាក់ច្រើនជាងគេ និងជាតំបន់មួយដែលមានហានិភ័យខ្ពស់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន មានការសហការពីអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការអភិរក្សសកលប្រចាំកម្ពុជា (CI) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC)៕