(កណ្តាល)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្ដាលស្ទឹង នៅថ្ងៃទី០៩ ខែកក្កដានេះ បានថ្លែងជំរុញឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចុះបង្ក្រាបអាជីវកម្មខ្សាច់ និងរថយន្តដឹកខ្សាច់ ដែលមិនគោពបទដ្ឋានបច្ចេកទេស ធ្វើឲ្យប៉ះពាល់ដល់ការរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ការជំរុញរបស់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយសមាជិក គណបក្សប្រជាជនកម្ពុជាឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង។
ក្នុងពីធីសំណេះសំណាលនោះផងដែរ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានប្រតិកម្មនិងដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់មន្ត្រីអាជ្ញាធរមូលដ្ឋានអភិបាលស្រុក កណ្តាលស្ទឹង អធិការស្រុក មន្ត្រីអាវុធហត្ថស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវចុះមើលផ្លូវ និងត្រូវបង្ក្រាបចំពោះអាជីវកម្មខ្សាច់ និងរថយន្តដឹកខ្សាច់ ដែលមិនអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឲ្យខូចខាតផ្លូវ និង ប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដែលឲ្យប្រជាពលរដ្ឋរអ៊ូរទាំជាប្រចាំជាដើម។
អ្វីដែលពិសេសនោះ ប្រជាពលរដ្ឋជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាក្នុងឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ចំនួន១៣២៥នាក់ បានសម្តែង និងបន្តការគាំទ្រនូវ បេក្ខភាពសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៀត។
លោក ហ៊ីង ប៊ុនហៀង បានថ្លែងថា ក្នុងការបំពេញបេសកកម្មបម្រើជាតិ របស់គណបក្សប្រជាជនកម្ពុជា ទោះបីត្រូវប្រឈមនឹងការវិវត្តន៍ ប្រែប្រួលយ៉ាងស្មុគស្មាញបំផុត នៃសភាពការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន បានស្ថិតនៅផ្សារភ្ជាប់ខ្លួន ជានិច្ចជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ។ ដោយឈរយ៉ាងរឹងមាំ លើគោលការណ៍ប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជម្នះ រាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តដែលបាននាំប្រជាជាតិ ឱ្យចេញផុតពីស្រមោល នៃអតីតកាលដ៍ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាង ស្វាហាប់នៅលើមាគ៌ា សន្តិភាពប្រជាធិប្បតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនៈភាពនិងភាពជឿជាក់។
នាយឧត្តមសេនីយ៍ បានលើកឡើងពីប្រវត្តិដ៏ជូរជត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយសម័យនោះពុំមានគណបក្សនយោបាយ ឬជនមួយចំនួន ដែលអះអាងថា ជាអ្នកស្នេហាជាតិ ចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីទេ ដែលខិតខំតស៊ូ ហ៊ានប្តូរជីវិត សាច់ស្រស់ឈាមស្រស់ ដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ រហូតធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ ក៏បានផ្តែផ្តាំដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ គ្រប់ៗគ្នាដើម្បីមានសិទ្ធិបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខនេះ។ ក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ ក៏បាននាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋផងដែរ៕