(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងវិស័យបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ដែលមានការចូលរួមពីអគ្គនាយករង ប្រធាននាយដ្ឋាន និងសហការី បុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចសរុបចំនួន៧៩រូប។
សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងពន្យល់អំពីរបៀបនៃការវាយតម្លៃខ្លួនឯងរបស់បុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ច ដល់បរធនបាល, ប្រតិបត្តិករបរធនបាល និងក្រុមហ៊ុនវាយតម្លៃ៕