(កំពង់ចាម)៖​ នាថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំឃុំផ្តៅជុំ និងអតីតសកម្មជនគណបក្សប្រឆាំង ចំនួន៣៧នាក់ ដែលមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មូលហេតុចំបង នៃការចាកចេញពីគណបក្សប្រឆាំង មកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារមុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ បេក្ខភាពមេឃុំបក្សប្រឆាំងបានសន្យាយ៉ាងច្រើន ជាមួយពួកគាត់ នៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំ។

លុះដល់ពេលឈ្នះឆ្នោតប្រជាពលរដ្ឋមិនបានឃើញមេឃុំបក្សប្រឆាំងរូបនេះ បានធ្វើតាមករសន្យារបស់ខ្លួនសោះ ដោយយកលេសគ្រប់បែបយ៉ាង និងថែមទាំងស្តីបន្ទោសដល់សមាជិកខ្លួន និងរាជរដ្ឋាភិបាលទៅវិញ នៅខណៈដែលខ្លួនគ្មានសមត្ថភាពអ្វីសោះ បានត្រឹមតែសន្យាខ្យល់។

ផ្ទុយទៅវិញ ពួកគាត់មើលឃើញមានតែក្រុមការងារគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលនៅតែបន្តធ្វើ ជួយប្រជាពលរដ្ឋដោយមិនរើសអើមនិន្នាការគណបក្ស កសាងសមិទ្ធិផលនានាក្នុងមូលដ្ឋាន ទោះជានៅក្នុងតំបន់ ដែលគណបក្សខ្លួនមិនបានជាប់ជាមេឃុំក៏ដោយ។

ពួកគាត់បានមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាម្តងម្នាក់ និងមួយគ្រួសារ រហូតបានចំនួន៣៧នាក់នេះ ហើយបានប្តេជ្ញាចូលរួមរាល់សកម្មភាពរបស់គណបក្ស គោរពគោការណ៍ និងអនុវត្តតាមគោល នយោបាយគណបក្សប្រជាជនកម្ពុជាឱ្យបានល្អ ជាពិសេសបន្តសកម្មភាពឃោសនាអូសទាញញាតិមិត្តដែលនៅគាំទ្រគណបក្សប្រឆាំង ឱ្យមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញជាបន្តបន្ទាប់ ដើម្បីរួមគ្នាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនជានិរន្ត។

ជាក់ស្តែង នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ឹង មករា បានចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់នូវឡដុតសម្រាម ក្នុងវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ និងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាង ៥០០នាក់។

នាថ្ងៃតែមួយ បណ្ឌិត ម៉ឹង មករា ក៏បានចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២៤០គ្រួសារ និងសម្ពោធប្រឡាយទឹកប្រវែង ១០៤៥ម៉ែត្រ និងផ្លូវប្រវែង ១២០០ម៉ែត្រ ក្នុងភូមិចាំនាង ឃុំផ្តៅជុំ ព្រមទាំងផ្តល់ប្រេង ជូនតាមសំណូមពរដល់ប្រជាកសិករសរុប២០កាន សម្រាប់បូមទឹកដាក់ទំនប់ទោលចារបឹងចេក និងទំនប់ត្រពាំងអណ្តើក ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រព្វដីស្រែ ចំនួន ៨០ហិចតា បណ្តាលមកពីការបាក់ទំនប់ស្តុកទឹក។ ការឧបត្ថម្ភទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈលោកបណ្ឌិត ម៉ឹង មករា និងក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំឃុំផ្តៅជុំ ប្រជាពលរដ្ឋ និងអតីតសកម្មជនគណបក្សប្រឆាំង ដែលមកចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី។

លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីនីមួយៗ អំពីសារៈសំខាន់នៃការចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្ត។ ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបាន ជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរជនដ៍ឆ្នើមជាច្រើនរូប ដែលបានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។

ក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ក្រោមការដឹកនាំរបស់បណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ៕