(ភ្នំពេញ)៖ មានគេលួចខ្សឹបថា មួយរយៈចុងក្រោយនេះ មានមន្ត្រីមួយចំនួននៅក្រសួងកសិកម្ម ដែលកាន់ការងារខ្លាញ់ៗ ដូចជាប្រធាននាយកដ្ឋាន ឬអគ្គនាយកជាដើម កំពុងតែនាំគ្នាជ្រួលជ្រើមរត់ទៅលិច រត់ទៅកើតរកខ្សែទុយោជួយទប់តំណែងមិនសូវបាន នៅធ្វើការងារជាប់លាប់ទេ ក្រោយពីពួកគេទទួលព័ត៌មានតាមមាត់ចាប មាត់ព្រាបថា លោករដ្ឋមន្ត្រីថ្មីនឹងធ្វើការដោះដូរ តួនាទីមន្ត្រីនៅក្នុងក្រសួងជាច្រើននាក់ ក្នុងពេលឆាប់ៗនេះ។
មន្ត្រីមួយរូបបានលួចខ្សឹបប្រាប់អង្គភាព Fresh News ខណៈជួបគ្នានៅហាងគុយទាវ ថាបច្ចុប្បន្នមន្ត្រី នៅក្នុងក្រសួងកសិកម្មមួយចំនួន កំពុងតែនាំគ្នាជ្រួលច្របល់ខ្លះ អង្គុយធ្វើការមិននឹង ជាពិសេសអ្នកមានតួនាទី មានតំណែងខ្លាញ់ៗតែម្ដង ព្រោះតែពួកគេលេចឮព័ត៌មានថា លោករដ្ឋមន្ត្រីថ្មី នឹងធ្វើការដោះដូរតំណែងតួនាទី មន្ត្រីជាច្រើនដែលមានចាប់ពីប្រធានការិយាល័យ អនុ និងប្រធាននាយកដ្ឋាន និងតំណែងអគ្គនាយកជាដើម។
ក្នុងនោះថែមទាំងមានអ្នកដើរខ្សឹបខ្សៀវថា អ្នកណាចង់ទប់កៅអីទាល់តែចាយប៉ុណ្ណេះម៉ឺន ប៉ុណ្ណោះម៉ឺនទើបបាន ព្រោះមានអ្នកដេញថ្លៃច្រើន។ ចំណែកអ្នកមានលុយ និងខ្នងបង្អែកក៏កំពុងនាំគ្នា បុករុកធ្វើឲ្យមានការផ្លាស់ប្ដូរដើម្បីខ្លួនបានតូយកកន្លែងខ្លាញ់ផងដែរ។ គេមិនបានដឹងថាព័ត៌មានខាងលើនេះ ជាការពិតឬគ្រាន់តែមានមន្ត្រីឆក់ឱកាស ដើរទូងស្គដើម្បីស្វែងរកផលប្រយោជន៍ ឬយ៉ាងណានោះទេ! ដោយគេគ្រាន់តែដឹងថា ព័ត៌មានស្ដីពីការដោះដូរមន្ត្រីប៉ុស្ដិ៍ខ្លាញ់ៗ ក្រោយលោករដ្ឋមន្ត្រីថ្មីចូលកាន់តំណែង ពិតជាលេចឮពេញក្រសួងមែន។
ដូច្នេះសូមលោករដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ជួយប្រកាសឲ្យកូនចៅបានដឹងឲ្យបានច្បាស់ផង ដើម្បីឲ្យគ្នាស្ងប់អារម្មណ៍អង្គុយធ្វើការនឹងចិត្តបន្តិច ព្រោះម្នាក់ៗ នៅមិនទាន់ប្រាកដថាគម្រោងដោះដូរនេះ ពិតឬអត់នោះទេ៕