(កោះកុង)៖ ក្រោយឃើញការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យតំបន់អារ៉ែងមានការអភិវឌ្ឍច្រើន មានផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព អណ្តូងស្នប់ និងមានការអភិវឌ្ឍផ្សេងៗទៀត, អ្នកមីង ហម ង៉ែត ពលរដ្ឋរស់នៅតំបន់អារ៉ែង ភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលពីមុនមកធ្លាប់តែជឿតាមការឃោសនារបស់ពួកក្រុមប្រឆាំង បានបង្ហាញការប្តេជ្ញាចិត្តថា នឹងលែងជឿលើពួកប្រឆាំងទៀតហើយ ដោយងាកមកដើរតាមប្រមុខរាជរដ្ឋាភិបាលវិញ និងមិនកែរប្រែចិត្តនោះឡើយ។
ជាមួយនឹងសំលេងរដឺនៗឆ្លើយតបជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ អ្នកមីង ហម ង៉ែត បានលើកឡើងដូចនេះថា «នៅពេលបច្ចុប្បន្ននេះរដ្ឋាភិបាលបានជួយដូចជា៖ ផ្លូវថ្នល់ បានសាលារៀន បានមន្ទីពេទ្យ មណ្ឌលសុខភាព ដើម្បីសង្គ្រោះមនុស្ស ឈឺ គ្រុន មួយភ្លាតៗ អត់មានពិបាកដូចពេលមុននោះទេ ហើយមានដូចជា អណ្តូងស្នប់ ហើយបង្គន់ក៏មានបណ្តើរៗហើយផងដែរ ហើយពីមុនមកអ្វីក៏អត់មានដែរ គឺអត់មានទាំងអស់ តែឥលូវគឺបាន ហើយដល់ពេលបាននេះខ្ញុំក៏សូមអរគុណសម្តេច (សម្តេចតេជោ ហ៊ុន សែន) ដែលបានជួយអភិវឌ្ឍន៍ដល់តំបន់អារ៉ែង នៅស្រុកភូមិរបស់ខ្ញុំនេះ»។
អ្នកមីង ហម ង៉ែត បានឱ្យដឹងដែរថា ពីមុនមកតំបន់អារ៉ែង មិនមានផ្លូវ សាលារៀន មន្ទីពេទ្យនោះទេ ដោយមិនមានអ្នកណាស្គាល់ និងចង់ធ្វើការជួយអភិវឌ្ឍន៍នោះទេ គឺមានតែសម្តេចតេជោ ហ៊ុន សែន ទេ ដែលចង់ជួយធ្វើការអភិវឌ្ឍហើយជួយដល់ជនជាតិជង នៅតំបន់អារ៉ែងនេះ ហើយចាប់ពីពេលនេះតទៅដោយសារមានវត្តមានសម្តេចតេជោ ហ៊ុន សែន ជួយឧបត្ថម្ភដល់តំបន់អារ៉ែង ដូចនេះហើយ គឺដឹងតែបានរីកចំរើនតទៅមុខហើយ។
អ្នកមីង ហម ង៉ែត បានឱ្យដឹងទៀតថា «ដោយសារតែមានការភ័យខ្លាចរឿងចិនបិទទំបន់ ទើបយើងធ្វើតាមគេ ហើយឥលូវខ្ញុំនឹងត្រឡប់មកវិញថា ខ្ញុំគិតស្មានថា ពីមុនមកហើយនឹងឥលូវនេះវាដូចគ្នា ដូចនេះខ្ញុំនឹងកែរប្រែចិត្តខ្ញុំវិញថា ខ្ញុំនឹងដើរតាមរាជរដ្ឋាភិបាលឱ្យវាត្រូវតាមគន្លង ដើម្បីយើងសហការណ៍គ្នាឱ្យបានសហគមន៍ខ្ញុំបានភ្លឺថ្លា រុងរឿងឡើងវិញ ដោយសារពីមុនមកយើង គឺបានធ្វើតាមគន្លងខុសមែន ដោយមិនបានស្វែងយល់»។
ដោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នឹងបានជួយដល់អ្នកតំបន់អារ៉ែង ឱ្យមានភាពរីកចំរើនដូចសព្វថ្ងៃនេះ អ្នកមីង ហម ង៉ែត ក៏បានប្តេជ្ញាចិត្ត ដើរតាមប្រមុខរាជរដ្ឋាភិបាល និងមិនកែរប្រែចិត្តនោះឡើយ៕