(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញ និងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ផ្សព្វផ្សាយបញ្ជ្រាបពីគោលនយោបាយជាតិ ដើម្បីអភិវឌ្ឍជនជាតិដើមភាគតិចនៅកម្ពុជា បានទៅដល់ក្រុមគោលដៅ ពិសេសបានជ្រាបដល់ក្រុមជនជាតិដើមភាគតិចទាំងអស់ ឱ្យរឹតតែយល់ដឹងពីសារៈសំខាន់ នៃការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណ ដើម្បីទទួលបានប្រយោជន៍ច្បាប់ និងប្រយោជន៍ស្របច្បាប់ដែលការពារពួកគាត់។

ការជំរុញបែបនេះរបស់ លោក សួន សេរីរដ្ឋា បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនូវគោលនយោបាយជាតិដើម្បីអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៅកម្ពុជា ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៦ មេសា ២០២៣នេះ នាភោជនីយដ្ឋានទន្លេបាសាក់២។

សិក្ខាកាមដែលចូលរួមមាន៖ តំណាងក្រសួងមហាផ្ទៃ ក្រសួងដែនដី ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងធម្មការ ក្រសួងវប្បធម៌ ក្រសួងអប់រំ ក្រសួងសុខាភិបាល អភិបាលរងខេត្តតំណាងអភិបាលខេត្តទាំង១៥ អភិបាលស្រុកទាំង៤២ស្រុក ដែលមានជនជាតិដើមភាគតិចកំពុងរស់នៅ និងមន្ទីអភិវឌ្ឍន៍ជនបទទាំង១៥ខេត្ត ព្រមទាំងមន្ត្រីនាយកដ្ឋាននៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន១១០នាក់។

សិក្ខាសាលានេះមានគោលបំណង៖

ទី១៖ បង្កើនការយល់ដឹងនិងពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិទាំងអស់អំពីច្បាប់ គោលនយោបាយជាតិនិងបទដ្ឋានគតិយុត្តិនានាក្នុងដំណើរការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច

ទី២៖ ផ្សព្វផ្សាយ ផ្សារភ្ជាប់នូវតួនាទីនុងការទទួលខុសត្រូវរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

និងទី៣៖ បង្កើនកិច្ចសហការណ៍ឱ្យបានល្អរវាងស្ថាប័នរដ្ឋ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូរ ក្នុងដំណើរការអភិរក្ស និងអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

នាឱកាសនោះ លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា ស្ថាប័នអន្តរក្រសួងដែលពាក់ព័ន្ធ សូមមេត្តាពិនិត្យលទ្ធភាពធ្វើការងាររួមគ្នាដើម្បីដោះស្រាយ និងផ្តល់សេវាជូនជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្មើៗគ្នាដូចប្រជាពលរដ្ឋទូទៅដែលរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងពិសេសក្រោមដំបូលនៃសុខសន្តិភាព នៃការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕