(ស្វាយរៀង)៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ អស់ចំនួន២ខ្នង ក្លាយជាផេះផង់ និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងនៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង មូលហេតុឆ្លងចរន្តភ្លើង។
យោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរស្រុករមាសហែក បានឲ្យដឹងថា ដោយបានការចាត់តាំងពីលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសាខាកាកបាទក្រហមខេត្ត ដឹកនាំដោយលោក ពៅ សារ៉េន នាយករងសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ឈ្មោះ ពេជ្រ សាបាន អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ កេន ស៊ុន អាយុ៥៧ឆ្នាំ នៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង មូលហេតុទុសេខ្សែភ្លើង។
អាជ្ញាធរបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យឈ្មោះ ពេជ្រ សាបាន ស្លាប់ និងខូចខាតផ្ទះ២ខ្នង ដំបូលប្រក់ក្បឿង និងក្រោមបេតុង និងមួយខ្នងទៀត ដំបូលប្រក់ស័ង្កសី និងជញ្ជាំងស្លឹកខូចខាតទាំងស្រុង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំ។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម តៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល២ មី១ កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង កន្ទេលបត់ ១ មុង១ សារុង១ ក្រម៉ា១ ភួយ១ និងថវិកា៤០ម៉ឺនរៀល ព្រមទាំងបច្ច័យចូលបុណ្យ៤០ម៉ឺនរៀលផងដែរ៕