(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលតូចង៧០ និងលោកជំទាវឧកញ៉ា សាយ សោភា ជាភរិយា បាននាំយកអំណោយដ៏វិសេសវិសាលគឺ រថយន្តសារ៉ែន និងរថយន្តសង្គ្រោះបន្ទាន់ ជូនរដ្ឋបាលខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល, លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងមន្ត្រីជាច្រើននាក់ផ្សេងទៀត។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា រថយន្តដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនការិយាល័យសុខាភិបាលស្រុកអង្គស្នួលមួយគ្រឿង, ជូនអធិការដ្ឋាន ស្រុកអង្គស្នួល១គ្រឿង, ប៉ុស្តិ៍រដ្ឋបាលឃុំបែកចាន១គ្រឿង និងប៉ុស្តិ៍រដ្ឋបាលឃុំពើក១គ្រឿងទុកសម្រាប់ប្រើប្រាស់។
លោកអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ដែលជានិច្ចជាកាល សម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ជួយ ឧបត្ថម្ភ គ្រាំទ្រដល់សុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ហើយលោកក៏បានបញ្ជាក់ថា និងយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ដែលទទួលបាននៅពេលនេះយកទៅបម្រើផលប្រយោជន៍រួម សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាលផងដែរ។
លោកឧត្រមសេនីយ៍ទោ ភឺន ផល្លា បានថ្លែងពីគុណូបក្ការ:ដ៏ធំធេងរបស់សម្ដេចទាំងទ្វេ និងគោរពស្រលាញ់ស្មោះត្រង់អស់ពីដួងចិត្ត មានសម្ដេចមានសន្តិភាព ប្រទេសជាតិសម្បូរសប្បាយ រុងរឿង រីកចំរើន មានការអភិវឌ្ឍន៍រីកលូតលាស់ទៅមុខយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះលោកមាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅចំពោះសម្ដេចទាំងទ្វេ លោកអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ និងលោកស្រី ហើយប្ដេជ្ញាថានឹងប្រើប្រាស់រថយន្តឲ្យចំទិសដៅ និងរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ និងបំរើពលរដ្ឋឲ្យអស់ពីសមត្ថភាព៕