(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រុមការងារនាំមុខ IMEST នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិចំនួន៣រូប ដឹកនាំដោយលោក Sergio Di PASQUALE មេបញ្ជាការក្រុមប្រតិបត្តិការ នៃទីបញ្ជាការអគ្គលេខាធិការនគរបាលអន្តរជាតិ ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី០៣-០៦ ខែមេសា ឆ្នាំ២០២៣។

ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរពិសោធន៍លើផែនការការពារព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងសិក្សាវាយតម្លៃអំពីការងារផ្នែកសន្តិសុខណាមួយដែលក្រុម IMEST អាចជួយគាំទ្រដល់នគរបាលជាតិកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងអំឡុងពេលដំណើរការនៃព្រឹត្តិការណ៍ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈការបង្ហាញជូនដោយសង្ខេបអំពីផែនការការពារព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រុមការងារ IMEST បានកោតសរសើរចំពោះការចាត់តាំងបញ្ជាការដឹកនាំ និងការពង្រាយកម្លាំងការពារនៅគ្រប់គោលដៅសំខាន់ៗនីមួយៗ ពិសេសគឺការងារបង្ការ ទប់ស្កាត់ សំដៅធានាសុវត្ថិភាពសន្តិសុខ។

ជាងនេះទៅទៀត ក្រុមការងារ IMEST បានផ្តល់ជំនឿចិត្តចំពោះនគរបាលជាតិកម្ពុជា ក្នុងកិច្ចការពារតាមផែនការដែលបានគ្រោងទុក ផ្អែកលើបទពិសោធន៍ដ៏ជោគជ័យដែលត្រូវបានអនុវត្តក្នុងកិច្ចប្រតិបត្តិការការពារធានាសន្តិសុខ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីឆ្នាំ២០២២។

ឆ្លងកាត់ការចុះត្រួតពិនិត្យដោយផ្ទាល់ដល់ទីតាំងនៃការប្រារព្ធពិធី ក៏ដូចជាតាមរយៈកិច្ចប្រជុំផ្លាស់ប្តូរយោបល់លើការងារបច្ចេកទេស រួមទាំងការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារនាំមុខ IMEST បានកំណត់អំពីការងារដែលក្រុមប្រតិបត្តិការអាចជួយគាំទ្រ នគរបាលជាតិកម្ពុជា មុនពេល និងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមមាន០៣ជំនាញ ដូចខាងក្រោម៖

*ទី១៖ ឧបករណ៍បច្ចេកទេសប្រព័ន្ធ I-BATCH សម្រាប់ត្រួតពិនិត្យទិន្នន័យការចេញ-ចូលប្រទេសកម្ពុជា (ពិសេសភ្ញៀវអន្តរជាតិ) ដើម្បីធានាថាបុគ្គលដែលចេញ-ចូល និងស្នាក់នៅប្រទេសកម្ពុជាក្នុងអំឡុងពេលនោះ គឺមិនមានអត្តសញ្ញាណក្នុងទិន្នន័យ ដែលអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានទទួលសំណើពីបណ្តាប្រទេសជាសមាជិក ដាក់ជាមុខសញ្ញាពាក់ព័ន្ធអំពើភេរវកម្ម ប្រព្រឹត្តបទល្មើស ឬបង្កហិង្សាណាមួយនាពេលកន្លងទៅ។

*ទី២៖ អ្នកជំនាញផ្នែកប្រឆាំងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រៀមឆ្លើយតបចំពោះទង្វើអគតិមួយចំនួន អាចនឹង ធ្វើការវាយប្រហារតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ស្តីពីការប្រព្រឹត្តទៅនៃកីឡាស៊ីហ្គេមនៅកម្ពុជា រួមទាំងការបំពុលបរិយាកាសសន្តិសុខតាមប្រព័ន្ធទំនាក់ទំនងសង្គម ឬគេហទំព័របរទេសផ្សេងៗទៀត។

*ទី៣៖ ទីប្រឹក្សាដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាក្នុងព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនកុះករ ជាពិសេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ។

ឆ្លើយតបតាមការផ្តល់ជូនរបស់ក្រុមការងារនាំមុខ IMEST តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងនាមប្រធានគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានស្វាគមន៍ និងទទួលយកការជួយគាំទ្ររបស់ស្ថាប័ន INTERPOL។

ទោះយ៉ាងណា អគ្គស្នងការដ្ឋាននគរបាលជាតិ ចាំបាច់ត្រូវពិភាក្សាជាមួយបញ្ជាការទទួលបន្ទុកតាមជំនាញនីមួយៗ ដើម្បីបន្ស៊ីការងារជំនាញទាំងនេះឲ្យបានសមស្រប និងធានាបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព៕