(ព្រៃវែង)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងក្រុមការងារក្រុមប្រឹក្សាជាតិគាំពារសង្គម បានចុះជួបប្រជាពលរដ្ឋនៅស្រុកកំពុងត្របែកខេត្តព្រៃវែង ដើម្បីពិនិត្យ និងជំរុញការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ដើម្បីបង្កើនប្រសិទ្ធិភាព និងតម្លាភាពកាន់តែប្រសើរសម្រាប់ការការបើកផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា។

ការចុះជួបប្រជាពលរដ្ឋនេះ បានដឹកនាំដោយលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រុមការងារក្រុមប្រឹក្សាជាតិគាំពារសង្គមដោយមានតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងផែនការ, មូលនិធិជាតិជំនួយសង្គម និងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបានស្វែងរក នឹងរក្សាសុខសន្តិភាពជូនពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់រូបដោយមិនបោះបង់នរណាម្នាក់ចោលោឡើយ។

ជាក់ស្តែង ដូចជាក្នុងអំឡុងពេលមានជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាអគ្គមគ្គុទេសឯក មិនត្រឹមតែបានគិតគូរ ក្នុងការទប់ស្តាត់មិនឱ្យមានការឆ្លងរីករាលដាលខ្លាំងប៉ុណ្ណោះទេ ថែមទាំងបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋគោលដៅ រហូតដល់ពេលបច្ចុប្បន្ន ដោយចំណាយថវិការដ្ឋអស់ប្រមាណជិត ១ពាន់លានដុល្លារ។ ការណ៍នេះ សរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខពលរដ្ឋ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

លោកស្រីបន្តថា មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី ១០ ខែមេសា និង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលក៏នឹងបើកផ្តល់ជូនគ្រួសារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណាប្រមាណជាង ៥០ម៉ឺនគ្រួសារដែលជាកម្មវិធីថ្មីមួយថែមទៀត ដើម្បីជួយសម្រួលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ដោយសារសម្ពាធអតិផរណា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលជាគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ក្នងអំឡុងពេលមានសម្ពាធអតិផរណា និងអាចទទួលបានជាសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាមធ្យមប្រមាណជាង ១៦ម៉ឺនរៀលអាស្រ័យទៅតាមសមាជិកគ្រួសារ និងត្រូវទទួលបានការឧបត្ថម្ភចំនួន៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ នៅរាជធានីភ្នំពេញ មួយគ្រួសារទទួលបាន ៩៩,៩០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៨,០០០រៀល, នៅទីប្រជុំជន មួយគ្រួសារទទួលបាន ៨៧,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៤,០០០រៀល និងនៅជនបទ មួយគ្រួសារទទួលបាន ៨១,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២០,០០០រៀល៕