(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព​ជើង​អាកាស និងនាយទាហាន​បញ្ជាការដ្ឋាន​កងទ័ពជើងអាកាស ចុះសួរសុខទុក្ខ និងសំណេះ​សំណាលនាយទាហាន​ឈរ​ជើង​នៅមូលដ្ឋានកងទ័ពជើងអាកាសខេត្តព្រះសីហនុ។

មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ជាមូលដ្ឋានថ្មី សាងសង់បានប្រមាណ ៩៥ភាគ​រយហើយ។ មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ស្ថិតនៅ​ជាប់នឹងអាកាសយាន​ដ្ឋាន​អន្តរជាតិខេត្តព្រះសីហនុ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានមានប្រសាស៍លើកឡើងពាក់ព័ន្ធ ស្ថាន​ភាពបច្ចុប្បន្ន និងអតីតកាល​ ដែលនាំឱ្យមូលដ្ឋានទ័ពអាកាសនេះ មានមុខមាត់​ថ្មី​ធំ​ទូលាយ។ នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកឱ្យនាយនាយទាហាននៃបញ្ជាការដ្ឋា​ន​ទ័ព​អាកាស​ខេត្តព្រះសីហនុ ចេះគោរពស្រឡាញ់អតីត​មេបញ្ជាការមូលដ្ឋាន​ ដែល​បាន​ចូល​និវត្តន៍ ហើយខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺ ត្រូវនាំគ្នាចុះសួរសុខទុក្ខ និងជូន​ពរ​គាត់ក្នុងឱកាស​បុណ្យចូលឆ្នាំម្តងៗ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានរៀបរាប់រំលឹកពីសភាពការណ៍​អន្តរជាតិ​ ដែល​កំពុង​​ប្រឈមសង្គ្រាមរ៉ាំរៃ។ ដោយឡែកនៅកម្ពុជា កំពុងរស់នៅក្នុងសុខសន្តិភាព ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សេដ្ឋកិច្ច​កម្ពុជា កំពុងឈានក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ កម្ពុជាត្រូវរក្សាសន្តិភាពឱ្យ​បាន​រឹង​មាំ។

នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាស រំលឹកដល់នាយទាហានទ័ពអាកាស​ខេត្ត​ព្រះសីហនុ កុំជឿការឃោសនាអកុសលរបស់ពួក​ក្បត់​​ជាតិ​ ដែលចង់នាំកម្ពុជាធ្លាក់​ក្នុង​ភ្លើង​សង្គ្រាមដូចនៅអ៊ុយក្រែន នៅស៊ីរី។ល។ នាយឧត្តមសេនីយ៍ សឹង សំណាង បានគូស​រំលេចថា បច្ចេកវិទ្យាយោធាទំនើប បានអភិវឌ្ឍន៍រីក​លូតលាស់លឿនណាស់ ដូចនេះ​យោ​ធិន​ត្រូវ​ជឿជាក់​លើថ្នាក់ដឹកនាំរាជរដ្ខាភិបាលកម្ពុជា​ មានគោលនយោបាយការពារជាតិ ដែលឈានទៅដល់ទំនើបភាវូនីយកម្មយោធានាពេលអនាគតខាងមុខ ក្នុងបំណងពង្រឹង​សមត្ថភាពការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ ក៏បានរៀបរាប់ពីការអភិវឌ្ឍន៍មូលដ្ឋានទ័ពអាកាស​ខេត្តព្រះសីហនុថ្មី​ដែលទាមទារថែទាំឱ្យបានដិតដល់ ពីព្រោះនេះជាកិច្ចខិតខំប្រកបដោយភាពវៃឆ្លាត​របស់​ថ្នាក់​បញ្ជាការកងទ័ពជើងអាកាស ជាពិសេសថ្នាក់ដឹកនាំក្រសួងការពារជាតិ ហើយហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងកេង បានទទួលការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងការពារជាតិ​ផងដែរ។

នាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់មេបញ្ជាការមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ពិនិត្យ​សុខទុក្ខយោធិន ​និងក្រុមគ្រួសារយោធិន ដែលកំពុងមានជួបផលលំបាកជីវភាព ចេះ​គោរព​ស្រឡាញ់រាប់អានគ្នា ចេះចែករំលែក និងបើកគោលរបបបានទាន់ពេលវេលា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានរំលេចដែរថា កាតព្វកិច្ចសំខាន់​របស់យោធិនត្រូវបំពេញឱ្យខានតែបាន គឺការចូលរួមបោះឆ្នោតនៅខែកក្កដាខាងមុខ​ ដែល ជាការបង្ហាញពីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរគ្រប់រូប។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព​ជើងអាកាស បានជូនថវិកាមួយចំនួន និងភេសជ្ជះជូននាយទាហាន​ឈរជើងនៅមូលដ្ឋាន​កងទ័ពអាកាសខេត្តព្រះសីហនុ។ ក្រៅពីនេះនាយឧត្តមសេនីយ៍ បានផ្តល់ថវិកាមួយចំនួន ជូនយោធិនចូលនិវត្តន៍ពីររូបផងដែរសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ៕