(ព្រះសីហនុ)៖ ធនាគារជាតិនៃកម្ពុជា បានបន្ដចុះផ្សព្វផ្សាយចំណេះដឹងស្ដីពី ការប្រើប្រាស់ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បានបន្ដចុះផ្សព្វផ្សាយប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ខេត្តព្រះសីហនុ។
ការបន្ដចុះផ្សព្វផ្សាយនេះធ្វើឡើងក្រោមការចូលរួមពីលោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពី ប្រាក់រៀលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងខេត្តព្រះសីហនុនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
ក្នុងនោះលោកស្រី ជា សិរី បានថ្លែងថា ប្រមាណ២៥ឆ្នាំមកនេះ អត្រាប្តូរប្រាក់រៀលជារូបវត្ថុកម្ពុជា ត្រូវបានរក្សាឱ្យមានស្ថិរភាពបានយ៉ាងល្អប្រសើរ ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកល និងវិបត្តិកូវីដ១៩ ជាមួយអត្រាមធ្យម ៤.០៣៦រៀលក្នុងមួយដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៩៨មក ទោះបីជាមានការប្រែប្រួល ស្ថិតក្នុងរង្វង់តែត្រឹម១%ប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោកស្រីបានបន្ថែមថា ស្ថិរភាពអត្រាប្តូរប្រាក់បានរួមចំណែករក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញរបស់ប្រាក់រៀល ជាពិសេសប្រាក់ចំណូលរបស់មន្រ្តីរាជការ និងប្រជាជនរស់នៅតាមខេត្ត និងតំបន់ជនបទ ដែលមានប្រាក់ចំណូលចម្បងជាប្រាក់រៀល។
លោកស្រីបានបញ្ជាក់ថា ក្រោមទស្សនវិស័យលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការប្រាក់រៀល និងធ្វើឱ្យប្រាក់រៀលកាន់តែងាយស្រួលប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អាជីវកម្ម។
លោកស្រី ជា សិរី បានបន្ដថា «ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដោយការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ក្នុងអត្រាកំណើនប្រចាំឆ្នាំ១៦,៦%។
យោងតាមទិន្នន័យអង្កេតរបស់ធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ព្រះសីហនុមានប្រជាពលរដ្ឋ៦៣ភាគរយ មានប្រាក់ចំណូលចម្បងជាប្រាក់រៀល ស្របពេលដែល៧០ភាគរយ បានប្រើប្រាស់លុយរៀលច្រើនជាង ក្នុងនោះ៨០ភាគរយប្រើប្រាស់លើការចំណាយប្រចាំថ្ងៃ»។
លោកស្រីបានបញ្ជាក់ថា នៅឆ្នាំ២០២២កន្លងទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តព្រះសីហនុ បានបើកសាច់ប្រាក់ជាលុយរៀល ពីសាខាធនាគារជាតិនៃកម្ពុជា៤១ភាគរយ នៃការបើកសាច់ប្រាក់សរុប ដែលបានកើនពីប្រមាណ២៦ភាគរយធៀបកាលពីឆ្នាំ២០២១ ការកើនឡើងនេះបានបង្ហាញឲ្យឃើញថា ខេត្តព្រះសីហនុកំណើនតម្រូវការប្រាក់រៀលច្រើនជាងមុន៕