(ក្រចេះ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងថ្មីមួយកន្លែង ក្នុងភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ជាជំនួយរបស់ប្រទេសជប៉ុន តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

ថ្លែងក្នុងឱកាសនោះលោក អ៊ូអិណុ អាត់ស៊ូស៊ី បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលគម្រោងសាងសង់ស្ពានបេតុងនៅក្នុងឃុំគោលាប់នេះបានបញ្ចប់ និងធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើដំណើរ ជាប្រចាំថ្ងៃ ទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារដែលនៅក្បែរ និងជួយកែលម្អកម្រិតជីវភាពរស់នៅក្នុងសហគមន៍ផងដែរ។

លោកបន្តទៀតថា ស្ពានឈើចាស់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងត្រូវបានជន់លិចជារៀងរាល់ឆ្នាំ។ ទឹកជំនន់ធ្វើឱ្យប្រជាជនត្រូវរង់ចាំរហូតដល់ទឹកស្រកវិញ ក្នុងអំឡុងពេលទឹកជំនន់ កសិករមិនអាចដឹកជញ្ជូនកសិផលបានទេ។ តាមរយៈស្ពានបេតុងដែលបានសាងសង់ថ្មីនេះ នឹងក្លាយជាផ្លូវសុវត្ថិភាពសម្រាប់ប្រជាជនមូលដ្ឋានធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ និងទទួលបានសេវាកម្មចាំបាច់នានាសម្រាប់ជីវិតប្រចាំថ្ងៃ។

លោកបញ្ជាក់ថា «ឆ្នាំនេះគឺជាឆ្នាំនៃខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ហើយទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំនេះតទៅ។ យើងឱ្យតម្លៃខ្ពស់លើទំនាក់ទំនងជាមិត្តភាព និងជាប្រវត្តិសាស្ត្រ រវាងប្រទេសរបស់យើងទាំងពីរ ហើយយើងជឿជាក់ថាស្ពាននេះ នឹងពង្រឹងទំនាក់ទំនងរបស់យើងបន្ថែមទៀតនាពេលអនាគត»

លោក វ៉ា ថន បានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក អ៊ូអិណុ អាត់ស៊ូស៊ី ដែលបានផ្តល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង១កន្លែងនេះ ដែលមានប្រវែង ២០ម៉ែត្រ និងទទឹង ៦ម៉ែត្រ នៃគម្រោងជំនួយឥតសំណងទ្រង់ទ្រាយតូច «សម្រាប់សន្តិសុខមនុស្សជាតិ» ក្រោមហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជប៉ុន ជាពិសេសការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណងសម្រាប់ជួយដល់កម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ ក្នុងការកសាង និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ព្រមទាំងគម្រោងជំនួយ ផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យមានការរីកចម្រើនជាលំដាប់។

លោកអភិបាលខេត្ត ក៏បានស្នើសុំដល់អាជ្ញាធរឃុំស្រុក និងបងប្អូនប្រជាពលរដ្ឋសូមចូលរួមជួយថែរក្សាស្ពានបេតុងនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង និងសំណូមពរដល់លោកឯកអគ្គរាជទូត មេត្តាជួយជំរុញដល់គម្រោងស្នើសុំ សាងសង់ស្ពានចំនួន ៣កន្លែងថែមទៀត ស្ថិតនៅស្រុកឆ្លូង និងស្រុកស្នួល នៃខេត្តក្រចេះ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកសំណើស្នើសុំក្នុងគម្រោងឆ្នាំ២០២៣ រួមជាមួយនឹងតម្រូវការអាទិភាពសំខាន់ៗ មួយចំនួន ដូចជា មណ្ឌលសុខាភាព និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅតាមសហគមន៍ដាច់ស្រយ៉ាលទៀតផង៕