(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីនទី១២ ក្រោមអធិបតីភាព កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមពីឆ្នាំ១៩៩៤ ដោយប្រតិបត្តិករចំនួន ៣រួមមាន៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust បោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១៤៤៣នាក់។ សមិទ្ធិផលនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ទេសរដ្ឋមន្រ្តី លី ធុជ បានសំដែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គណៈអភិបាលខេត្តកំពត ជាពិសេសគណៈកម្មាធិការសកម្មភាពមីនខេត្ត (ភីម៉ាក់) និងក្រុមការងាររៀបចំផែនការសកម្មភាពមីន (ម៉ាពូ) សម្រាប់សមិទ្ធផលដ៏ត្រចះត្រចង់នេះ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦% ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយនឹងកិច្ចខិតប្រឹងប្រែងនេះ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងគ្រាប់ចំនួន ១.៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៥៩៣គីឡូម៉ែត្រក្រឡា នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥៕