(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងជំរុញដល់ប្រជាពលរដ្ឋទាំងអស់ទូរទាំងខេត្ត ក្នុងការប្រើប្រាស់ក៏ដូចជាពិសាទឹកស្អាត និងការរក្សាអនាម័យជាប្រចាំ ដើម្បីបញ្ចៀសនូវរាល់ហានិភ័យជម្ងឺផ្សេងៗ។
ដូច្នេះនៅក្នុងពិធីអបអរសាទរទិវាទឹកពិភពលោកលើកទី៣០ ក្រោមប្រធាបទ «ពន្លឿនការផ្តល់សេវាកម្មទឹកស្អាត និងអនាម័យដើម្បីដោះស្រាយវិបត្តិកង្វះទឹកស្អាត និងអនាម័យនៅតំបន់ជនបទ» កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដែលរៀបចំដោយសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល នៅបរិវេណវត្តពាមរាំងលើ ស្រុកលើកដែក ខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល និងជាអភិបាលខេត្ត បានលើកឡើងថា ទិវាទឹកពិភពលោក មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារសំខាន់ នៃទឹកនិងអនាម័យ និងរបៀបប្រើប្រាស់ទឹក ដោយសន្សំសំចៃ ការផឹកទឹកសុវត្ថិភាព និងការអនុវត្តអនាម័យល្អ ជាពិសេសនៅសហគមន៍ជនបទ។
លោកបន្ថែមថា កង្វះទឹកស្អាត និងអនាម័យប៉ះពាល់ដល់យើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ ម៉្យាងវិញទៀតប្រជាពលរដ្ឋនៅតំបន់ភាគច្រើននៅផឹកទឹកមិនមានសុវត្ថិភាពដែលអាចធ្វើ ឱ្យពួកគាត់ឈឺជាប្រចាំជាពិសេសមនុស្សចាស់ និងកុមារធ្វើឱ្យពួកគាត់ពុំអាចទៅធ្វើការរួច ឬទៅសាលារៀនបាន។
លោកអះអាងថា ការស្លាប់ដោយសារជំងឺអាសន្នរោគ និងជំងឺគ្រុនពោះវៀន នឹងក្លាយជាគ្រោះថ្នាក់ឥតឈប់ឈរដោយសារការផឹក ទឹកមិនមានសុវត្ថិភាព។ ដូច្នេះយើងត្រូវដោះស្រាយវិបត្តិទឹកស្អាត និងអនាម័យព្រមទាំងជំរុញការ ផឹកទឹកសុវត្ថិភាពនៅតមបន់ជនបទ។ ជាមួយគ្នានេះយើងក៏ត្រូវផ្តោតលើបញ្ហាបរិស្ថានដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ គុណភាពទឹកទាំងទឹកលើដី និងទឹកក្រោមដីផងដែរ៕