(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយ ឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំសហការី នាំយកទៀនវស្សា និងទេយ្យទានប្រគេន ដល់ព្រះចៅអធិការ និងព្រះសង្ឃចំនួន៥វត្ត ព្រមទាំងនាំយក អំណោយជូនចាស់ជរា នៅឃុំទាំង២ របស់ស្រុកថ្មគោល ហើយពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណវត្តត្រស់។
ថ្លែងទៅកាន់ ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត នៅក្នុងឃុំទាំង២លោក សួស អង្គារ៍ បានលើកឡើងថា «ពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជាយើង វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន។ ជាក់ស្តែង វត្តដែលយើងត្រូវប្រគេនមាន៥វត្ត គឺក្នុងនោះមាន៖ វត្តអូរតាគី វត្តត្រាង វត្តត្រស់ វត្តវាលទ្រា ឃុំអូតាគី និងវត្តជ្រោយម្ទេសក្នុងឃុំតាម៉ឺន គឺជាឃុំស្ថិតនៅជនបទ និងមានព្រះសង្ឃជាច្រើនអង្គ ហើយតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធហើយបញ្ចប់វិញនៅថ្ងៃទី១៥រោច ខែកក្តិត»។
សូមបញ្ជាក់ថា ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រ នៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាម រហូតដល់ផុតកំណត់ថ្ងៃ។ ដូច្នេះហើយទើបប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធបាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស។
ជាក់ស្តែងក្រុមការងារចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន បានមូលមតិគ្នានាំទៀនវស្សា និង ទេយ្យវត្ថុទៅប្រគេនព្រះសង្ឃចំនួន៥វត្ត នៅស្រុកថ្មគោល ដោយទាំង៥វត្តទទួលបាន៖ ក្នុង១វត្ត មានទៀនវស្សាចំនួន១គូរ អង្ករ៥០គីឡូក្រាម ទឹកក្រូច១កេស ទឹកសុទ្ធ២កេស មី១កេស ទឹកត្រី ស៊ីអ៊ីវ២យួរ ស្លាដក់១ និងថវិកា៤០ម៉ឺនរៀល។ ដោយឡែកព្រះអនុគណ ស្រុកប្រគេនបច្ច័យ ៥០ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ បានប្រគេនអង្ករ២៥០គីឡូក្រាម ថវិកា១លាន៧សែនរៀល ដល់សីលវ័ន្ត សិលវត្តីចំនួន១៨៣អង្គ និងចែកថវិកាលោកតា លោកយាយ ចូលរួមក្នុងវត្តម្នាក់៥ពាន់រៀល សមាជិកបក្សទាំង២ឃុំជាង ១០០នាក់ ម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ។
បន្ទាប់មកលោកប្រធានក្រុមការងារ បានចុះចែកអំណោយដល់ ជនចាស់ជរាចំនួន១០នាក់នៅឃុំតាម៉ឺនដោយម្នាក់ៗ ទទួលបានអង្ករ៣០គីឡូក្រាម ថវិកា១០ម៉ឺនរៀល។ លោក សួស អង្គារ៍ បានរំលឹកថា ដោយសារមានថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដែលមានឥស្សរជនគណបក្សប្រជាជនកម្ពុជា បានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមទេ ប្រជាពលរដ្ឋ យើងក៏គ្មាន ថ្ងៃនេះបានដែរ ដូច្នេះទើបមានឱកាសធ្វើបុណ្យជាមួយគ្នា និងបានកសាងប្រទេសរហូតដល់ មានការអភិវឌ្ឍន៍ដល់សព្វថ្ងៃដែរ។
លោកបានបញ្ជាក់ថា ការប្រគេនទៀនព្រះវស្សាជូនវត្តទាំង៥នៅឃុំទាំង២ក្នុងស្រុកថ្មគោលនេះ គឺជាការចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ដែលព្រះចៅអធិការវត្ត ទាំង៥ តែងតែជួយគាំទ្រគណបក្សប្រជាជនកន្លងមក ពិសេសក្នុងការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសភាតំណាងរាស្រ្តអាណត្តិទី៥កន្លងមក បានអសនៈជាច្រើនធ្វើឲ្ យគណបក្សប្រជាជនកម្ពុជា ឈ្នះបានបន្តដឹកនាំប្រទេសបន្តទៀត។
ការប្រគេនទៀនព្រះវស្សានេះ គឺយើងទាំងអស់គ្នាតែងតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំ ហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួន ក៏បាននាំគ្នាប្រគេនទៀនព្រះវស្សា ដល់វត្តដែលនៅជិតផ្ទះ របស់ខ្លួនផងដែរ។ បន្ទាប់មក លោកប្រធានក្រុមការងារ បានបន្តដំណើរចុះសួរសុខទុក្ខនាំអំណោយចែកជនចាស់ជរាក្នុងឃុំតាម៉ឺនមាន១០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ៣០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល ដោយបានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលតែងតែជួយដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាបក្ស ណាឡើយ៕