(កណ្ដាល)៖ លោក ប៉ាល់ ចាន់តារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយកត្តាសុខសន្តិភាពដែលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបប្រទេសជាតិស្គាល់តែសម្បូរសប្បាយរីករាយ ព្រមទាំងមានការជួបជុំបងប្អូនប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ និងពិសេសញ៉ាំងឲ្យយើងមានឱកាសនៅក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលជិតមកដល់នៅពេលឆាប់ៗខាងមុខនេះ។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និវត្តន៍ជន កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរសាធារណការខេត្តកណ្តាល។
លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ជាមួយការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរ ដែលសម្រេចបាន សមិទ្ធផលនានាជាច្រើនរួមមាន ជួសជុលស្ថាបនាកំណាត់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងក្រុង ការសាងសង់ស្ពានបេតុង ស្តារប្រព័ន្ធលូ ប្រឡាយរំដោះទឹកកខ្វក់ និងសមិទ្ធផលជាច្រើនទៀតផងដែរ។
លោកបានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ នៅក្នុងក្របខ័ណ្ឌ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ កុំចាំបាច់ពឹងលើបច្ចេកទេសរបស់គេ ហើយខិតខំបម្រើ និងផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ តបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល យើងត្រូវធ្វើការឆ្លើយតប និងបម្រើដល់ប្រជារាស្រ្តឱ្យបាលល្អប្រកបដោយគុណភាព។
ជាមួយគ្នានេះ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានថ្លែងថា អស់រយៈពេលជាង៤ឆ្នាំមកហើយ ដែលមន្ទីរខកខានក្នុងការរៀបចំពិធីជួបសំណេះសំណាលជាមួយ អ៊ុំប្រុស អ៊ុំស្រី ដែលជាមន្ត្រីចូលនិវត្តន៍ដោយសារសុខភាពសាធារណៈ នៃជំងឺកូវីដ១៩ ដែលអូសបន្លាយរហូតមកដល់ឆ្នាំ២០២៣នេះ។
បើតាមរបាយការណ៍របស់លោកប្រធានមន្ទីរ, សមិទ្ធផលអនុវត្តផ្ទាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល រួមមាន៖ ជួសជុលស្ថាបនាកំណាត់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងក្រុងតាខ្មៅ ចំនួន ៣២ខ្សែ ប្រវែងសរុប ១២៩,៥៦៣គ.ម។
សាងសង់ស្ពានបេតុងចំនួន ៣កន្លែង ប្រវែង ១២០ម៉ែត្រ ក្នុងនោះ ស្ពានព្រែកដើមលាប(៦០ម) ស្ពានព្រែកតាសក(៣០ម) និងស្ពានព្រែកស្បូវ(៣០ម)។ជួសជុលច្រាំងព្រែកជ្រៃធំ ដោយរៀបដុំបេតុង មានបណ្តោយ ១០០ម៉ែត្រ។ ដំឡើងភ្លើងសញ្ញាចរាចរណ៍មានចំនួន ១២កន្លែង នៅលើផ្លូវជាតិលេខ៦ ៣កន្លែង នៅលើផ្លូវជាតិលេខ៤ ១កន្លែង នៅលើផ្លូវជាតិលេខ២១ ៣កន្លែង នៅលើផ្លូវជាតិលេខ២ ៣កន្លែង នៅលើផ្លូវក្រុងលេខ២១០ ១កន្លែងនៅលើផ្លូវក្រុងលេខ២០៦ ចំនួន១កន្លែង។
ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ចែកមួកសុវត្ថិភាព និងចែកបណ្ណអប់រំសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋសិស្សានុសិស្ស នៅតាមដងផ្លូវ ទីប្រជុំជនសាលារៀនបានចំនួន៣២លើក និងបង្រៀនច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ម៉ូតូ និងត្រីចក្រយានយន្ត បានចំនួន ៧០លើក ស្មើនឹង៤,២០១នាក់៕