(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ណូលីន ហេហ្សរ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់លោកស្រីប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះយន្តការ និងដំណើរការដឹកនាំដោយអាស៊ាន ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន ក្នុងការអនុវត្តកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន ដែលបានឯកភាពដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិគ្នាជុំវិញបញ្ហាជំនួយមនុស្សធម៌ ក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមជម្រាបថា លោក កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ជំនួសលោក លឹម ចុកហ៊យ ដែលចប់អាណត្តិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី។

ក្នុងពិធីនេះ មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រទេសសមាជិកអាស៊ានទាំង១០ និងឯកអគ្គរដ្ឋទូតប្រទេសមិនមែនអាស៊ាន ចំនួន៩៧ប្រទេស បណ្តាញសារព័ត៌មានអន្តរជាតិចំនួន១១ និងអង្គភាពអាស៊ាននានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ចំនួន៦។

តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕