(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា បានអនុញ្ញាតឱ្យឧកញ៉ា ដែលជាក្រុមប្រឹក្សាភិបាល និងជាសមាជិក សមាជិកា ចូលជួបសម្តែងការគួរសម។

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ការអញ្ជើញជួប​សម្តែង​ការគួរសមនាព្រឹកថ្ងៃនេះ ដើម្បីជម្រាបជូនសម្តេច អំពីការបង្កើតឡើង​នូវសមាគម​ឧកញ៉ាកម្ពុជា ព្រមទាំងទស្សនវិស័យ និងបេសកកម្មរបស់សមាគម។

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការផ្តួចផ្តើមបង្កើតឡើងនូវសមាគមឧកញ៉ាកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយ​ចំនួន​​ផងដែរ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់​ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយ​ដល់កិច្ចការសង្គម អភិវឌ្ឍប្រទេសជាតិ ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់​ប្រជាពលរដ្ឋ។

តំណាងឱ្យក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកាទាំងអស់ អ្នកឧកញ៉ា លី យ៉ុងផាត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ទុកវត្តមានសម្តេចតេជោជាប្រធានកិត្តិយសរបស់សមាគម គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា សមាគមឧកញ៉ាកម្ពុជា បានជួបសម្តែងការគួរសម។ ជាពិសេសបានផ្តល់នូវអនុសាសន៍ល្អ ដើម្បីសមាគមធ្វើសកម្មភាពបានត្រឹមត្រូវ និងជាចំណែកជួយដល់សង្គមជាតិ ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចតេជោ។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់​ទិស​ដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយ​ការ​ងារ​​ប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប។