(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) និងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទិ០៦ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងសេចក្ដីណែនាំរួម ដែលចុះហត្ថលេខារួមដោយ សម្ដេចក្រឡាហោម ស ខេង និងលោក ប្រាជ្ញ ចន្ទ បានកំណត់ថា កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត ត្រូវបានស្នើសុំ និងចាត់តាំងឲ្យបំពញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមសំណូមពររបស់ គ.ជ.ប ឬ/និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។

ជាទូទៅ កម្លាំងនគរបាលត្រូវបានប្រើប្រាស់ ដើម្បីការពារផ្ទាល់នៅតាមគោលដៅសំខាន់ៗជាអាទិភាព ក្នុងករណីមានការខ្វះកម្លាំងនគរបាល ចំនួនកម្លាំងដែលខ្វះនោះអាចត្រូវបានបំពេញ ដោយកម្លាំងប្រជាការពារ ឬ/និងកងរាជអាវុធហត្ថ ឬ/និងកងយោធពលខេមរភូមិន្ទ។ ការផ្តល់សេវាសន្តិសុខ សុវត្ថិភាពដល់មុខសញ្ញា និងគោលដៅទាំងអស់តម្រូវឲ្យមានការរៀបចំការពារជារួម និងមានលក្ខណៈប្រយោល ឬមិនចំពោះពីព្រោះមិនមានលទ្ធភាពបើប្រាស់កម្លាំងការពារផ្ទាល់សម្រាប់មុខសញ្ញា និងគោលដៅនីមួយៗបានទាំងអស់ឡើយ។

ក្នុងករណីចាំបាច់ កម្លាំងប្រជាការពារត្រូវបានរៀបចំចាត់តាំងឲ្យចូលរួមជាកម្លាំងជំនួយសម្រាប់ការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមូលដ្ឋានឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌក្នុងរាជធានី ខេត្ត ឬ/និងឲ្យបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតមួយចំនួន

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕