(ក្រចេះ) ៖ លោក វ៉ា ថន អភិបាលខេត្ត និងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំ លោក-លោកស្រី ជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត រួមនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាននិមន្តព្រះសង្ឃ ធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត ប្រោះព្រុំសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីឧទ្ធិសរម្លឹកគុណ ដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វ ហេតុការពារទឹកដី ។
រដ្ឋបាលខេត្តក្រចេះ តែងតែប្រារព្ធពិធីនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមន្រ្តីរាជការសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត បានធ្វើការអុចធូបបន់ស្រន់ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ជាពិសេសដួងវិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី ឆ្នាំ ថោះ ចត្វាស័ក ព.ស ២៥៦៧ ដែលនឹងឈានចូលដល់នៅពេលដ៏ខ្លីខាងមុខនេះ ។
នៅក្នុងឱកាសនោះដែរ លោក វ៉ា ថន និងលោកហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តទាំងមូល សូមមានសុខភាពល្អ ដើម្បីបន្តការអភិវឌ្ឍន៍ខេត្តក្រចេះ ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាបាលកម្ពុជា ក្រោមដំបូលសន្តិភាពតែមួយ ។
សូមបញ្ជាក់ផងដែរថា ខេត្តក្រចេះ បាននឹងកំពុងប្រារព្វពិធីសង្រ្កាន្តឆ្នាំថ្មីនៅតាមសាលា និងទីរវត្តអាម ដើម្បីជាការដាស់ឲ្យយុវជន និងបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន រួមនិងភ្ញៀវទេសចរបានចូលរួមលេងកម្សាន ហើយអ្វីសំខាន់នោះ គឺដើម្បីជាសារដាស់តឿនឲ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ឃើញនិងបានដឹងអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ដូនតាខ្មែរដែលមានយូរលង់ណាស់មកហើយ និងសូមឲ្យចូលរួមគ្នាថែរក្សាការពារ និងអភិរក្សានូវវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់មួនេះ ឲ្យឋិតឋេគង់វង្ស ដល់អ្នកជំនាន់ក្រោយ៕