(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលត្រូវបានចូលកាន់តំណែងជាផ្លូវការ កាលពីពេលថ្មីៗនេះ បានទទួលជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួន ជាបន្ដបន្ទាប់ ទាំងការជួបផ្ទាល់ និងតាមវីដេអូ Conference។
ជាក់ស្ដែង នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន បានជួបជាមួយភ្ញៀវបរទេស ចំនួន៤កម្មវិធីផ្សេង រួមមាន៖
កម្មវិធីទី១៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសន្ទនាតាមទូរស័ព្ទ ជាមួយលោក អាណុលដូ អានដ្រេ ទីណូកូ (Arnoldo André Tinoco) រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូស្តារីកា។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសកូស្តារីកា បានអបអរសាទរលោកបណ្ឌិត កៅ គឹមហួន ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ហើយលោកបណ្ឌិត ក៏បានអបអរលោក អាណុលដូ អានដ្រេ ទីណូកូ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកូស្តារីកា កាលពីខែមករា កន្លងទៅនេះ។
លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា លេខាធិការដ្ឋានអាស៊ាន ត្រៀមខ្លួនសហការជាមួយប្រទេសកូស្តារីកា និងប្រទេសនៅអាមេរិកកណ្តាលផ្សេងទៀត ដើម្បីរិះរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយអាស៊ាន ដើម្បីជាប្រយោជន៍ទៅវិញទៅមក។
កម្មវិធីទី២៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឲ្យលោកស្រី ម៊ែកគី វ៉ុង អគ្គនាយកពាណិជ្ជកម្ម និងឧស្សាហកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ លោកបណ្ឌិត កៅ គឹមហួន បានវាយតម្លៃខ្ពស់ចំពោះពាណិជ្ជកម្មទ្វេភាគី ដែលមានភាពរស់រវើករវាងអាស៊ាន និងហុងកុង ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយ ហើយលោកបានគូសបញ្ជាក់ថា អាស៊ានទន្ទឹងធ្វើការបន្ថែមទៀតជាមួយទីក្រុងហុងកុង ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងភាពធន់នៃច្រវ៉ាក់ផ្តត់ផ្គង់។
កម្មវិធីទី៣៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១៖០០ ព្រឹក នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបប្រជុំ ជាមួយបណ្តាប្រធានបេសកកម្មនៃរដ្ឋសមាជិកសហភាពអឺរ៉ុបដែលមានមូលដ្ឋាន ក្នុងទីក្រុងហ្សាការតា ចំនួន២០ប្រទេស។
នៅក្នុងជំនួបនោះ លោកបណ្ឌិត កៅ គឹមហួន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលមានអាយុកាលជាង ៤៥ ឆ្នាំហើយ។ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា អាស៊ានទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងភាពជាដៃគូរវាងអាស៊ាន និងសហភាពអឺរ៉ុប ឲ្យកាន់តែប្រសើរ។
កម្មវិធីទី៤៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឲ្យលោក អាប់ឌុលឡា អៃដាហេរី ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ប្រចាំអាស៊ាន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ លោកបណ្ឌិត កៅ គឹមហួន បានអបអរសាទរអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានផ្តល់ឋានៈភាពជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយរំពឹងថា ភាពជាដៃគូនេះ នឹងឈានដល់កម្រិតមួយថ្មីទៀតនាពេលអនាគត ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមកកាន់តែច្រើន ដល់ប្រជាជនអាស៊ាន និងអេមីរ៉ាតអារ៉ាប់រួម។
សូមជម្រាបថា លោក កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ជំនួសលោក លឹម ចុកហ៊យ ដែលចប់អាណត្តិ ពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី។
ក្នុងពិធីនេះ មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រទេសសមាជិកអាស៊ានទាំង១០ និងឯកអគ្គរដ្ឋទូតប្រទេសមិនមែនអាស៊ាន ចំនួន៩៧ប្រទេស បណ្តាញសារព័ត៌មានអន្តរជាតិចំនួន១១ និងអង្គភាពអាស៊ាននានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ចំនួន៦។
តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕