(ភ្នំពេញ)៖ សាកលវិទ្យាល័យខេមតិច នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសហគ្រិនខ្មែរ , មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងអង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) ក្នុងគោលបំណងជំរុញឱ្យមានរលកថ្មីនៃការគាំទ្រលើការស្រាវជ្រាវ នវានុវត្តន៍ លើគម្រោងបណ្តុះបណ្តាលធុរកិច្ចថ្មី និងសហគ្រិនភាព ដែលបានធ្វើឡើងនៅបរិវេណសាកលវិទ្យាល័យខេមតិច។

អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញឱ្យមានរលកថ្មីនៃការគាំទ្រលើការស្រាវជ្រាវ នវានុវត្តន៍ និងការបណ្តុះគំនិតសហគ្រិនភាពដល់សិស្សនិស្សិត នៅក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅកម្ពុជា ជាមួយគ្នានេះក៏ដើម្បីគាំទ្រដល់ខេមតិចក្នុងការអនុវត្តគម្រោងស្តីពី «ជំរុញសហគ្រិនភាពស្ត្រី» របស់គណៈកម្មាធិកាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (UNESCAP)។ អនុស្សារណៈយោគយល់នេះក៏ជាសក្ខីភាពមួយបញ្ជាក់ពីតួនាទីរបស់សាកលវិទ្យាល័យ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការអនុវត្តគោលនយោបាយអាទិភាពរបស់រដ្ឋ និងការបង្កើនយន្តការនៃភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

លើកឡើងនាឱកាសនោះលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជា» ក៏បានថ្លែងបញ្ជាក់ដែរថា អនុស្សរណៈនេះមានចំនុចសំខាន់ៗ ដូចជា ការចូលរួមចំណែកនិងលើកកម្ពស់និងជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង កិច្ចសហការរបស់វិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបង្កើតនៅកម្មវិធីប្រកួតប្រជែងក្នុងគោលបំណងបង្កើត ដោះស្រាយបញ្ហាអាទិភាពដោយប្រើប្រាស់បច្ចេកវិទ្យា។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានឱ្យដឹងដែរថា ការចុះ MOUនេះ គឺជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី និងបើកដំណើរការនូវវគ្គបណ្តុះបណ្តាល បណ្តុះគំនិតសហគ្រិនភាព និងការប្រកួតប្រជែងលើធុរៈកិច្ចថ្មីសម្រាប់និសិ្សតជាពិសេសនិសិ្សតស្រី ចំនួន ១០ក្រុម ត្រូវជា ៥០នាក់ដោយឥតគិតថ្លៃចាប់ទទួលពាក្យចាប់ពីថ្ងៃនេះតទៅ ។ សម្រាប់សិក្ខាកាមដែលទទួលជ័យលាភីក្នុងការប្រកួតប្រជែងគំនិតធុរកិច្ចថ្មីនេះក៏នឹងទទួលបានពានរង្វាន់ក៏ដូចជាថវិកា គាំទ្រធុរកិច្ចថ្មីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ រួមទាំងឱកាសចេញទៅប្រកួតនៅសហរដ្ឋអាមេរិចដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងខេមតិច។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរក៏បានបញ្ជាក់ផងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ ក៏ជាការជំរុញភាពជាដៃគូររវាងសហគ្រិនខ្មែរ ជាមួយរដ្ឋាភិបាល គ្រឹះស្ថានអប់រំនិងវិស័យឯកជនទៅលើធុរៈកិច្ចថ្មី និងសហគ្រិនភាព។ កម្មវិធីបណ្តុះបណ្តាលនេះនឹងនៅតែបន្តទៅមុខសម្រាប់និសិ្សតដែលមានគោលបំណងចង់អភិវឌ្ឍសមត្ថភាពរបស់ពួកគាត់។

សូមបញ្ជាក់ថា សិស្សនិស្សិតអាចដាក់ពាក្យពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងការបំពេញពាក្យ សូមចុះឈ្មោះតាមតំណលីងខាងក្រោម៖ https://ee.humanitarianresponse.info/x/70vhWqg6