(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតចាត់បញ្ជូនក្រុមការងារ៧ក្រុម ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះសហការបំពេញភារកិច្ចនៅតាមរាជធានី ខេត្តទាំង២៥ ដើម្បីជម្រុញបន្ថែមទៀតឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងបទល្មើសចរាចរណ៍ផ្លូវគោក។
យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៦ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អនុគណៈកម្មការរាជធានីខេត្ត ដែលសកម្មជម្រុញប្រតិបត្តិការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៦ មកទល់បច្ចុប្បន្នទទួលបានលទ្ធផលជាវិជ្ជមាន។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមដ៏គួរឲ្យកត់សម្គាល់ បង្កដោយអ្នកបើកបរយានយន្ត មិនគោរពច្បាប់ ដូចជា៖ បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព ល្មើសក្នុងការបត់ ឬជែង ឬឈប់ និងមិនពាក់មួកសុវត្ថិភាព ផ្ទុកលើសចំណុះ ឬ សំពីងសំពោង ផ្ទុកដី ឬ វត្ថុផ្សេងៗជ្រុះរាយប៉ាយ។ល។
ដូច្នេះសម្តេចក្រឡាហោម សម្រេចចាត់បញ្ជូនក្រុមការងារ៧ក្រុម ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះសហការបំពេញភារកិច្ច នៅតាមរាជធានី ខេត្តទាំង២៥ ដើម្បីជម្រុញការងារបន្ថែមទៀត ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងបទល្មើសចរាចរណ៍ផ្លូវគោក៕