(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងការប្រារព្ធពិធីកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាថ្ងៃទី២២-២៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ និងកិច្ចពិធីនានាប្រកបដោយរលូន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធចុះវាស់វែង និងពិនិត្យទីតាំងជាក់ស្ដែង ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថាពិធីនេះប្រព្រឹត្តទៅដោយភាពអធិកអធម និងមានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយជូនថ្នាក់ដឹកនាំ។
កិច្ចប្រជុំនេះបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះតែម្តង ដោយប្រជុំពិភាក្សាលំម្អិតលើកិច្ចការងាររៀបចំរោងពិធីទាំងមូល ពិភាក្សាលើកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធី ពិសេសកិច្ចការពារសុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតម្កល់ធាតុមាតាបិតារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរីនឹងត្រូវធ្វើពិធីបុណ្យកាត់ឫសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ថ្ងៃទី២៤ ខែមេសា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអញ្ជើញកាត់ឫសសីមា។
លោក ឃួង ស្រេង បានឱ្យដឹងថា ពិធីបុណ្យ៣យប់៤ថ្ងៃនេះ នឹងរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនប្រជាពលរដ្ឋបានមើលកម្សាន្ត ដោយមានទាំងក្រុមល្ខោនបាសាក់ ចាប៉ីដងវែង អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីផងដែរ។ ដូច្នេះ លោកជំរុញឱ្យមានការរៀបចំឱ្យបានល្អ និងត្រូវពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយ៕