(អ៊ីតាលី)៖ អាជ្ញាធរអ៊ីតាលី បាននិងកំពុងស្រង់យកគ្រោងឆ្អឹង ៣០០នាក់ចេញពីនាវាដឹកជនភៀសខ្លួន មួយ ដែលមានលិចនៅឆ្នេរសមុទ្រលីប៊ី កាលពីខែមេសា ឆ្នាំ២០១៥មកម្ល៉េះ។ នេះបើតាម CNN ដកស្រង់សម្តីរបស់មន្ត្រីយោធាជើងទឹកអ៊ីតាលីនៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១៦។

អ៊ីតាលី បានអះអាងថាកាលពីគ្រោះថ្នាក់កើតឡើងលើកនោះ មានមនុស្សតែ ២៨នាក់ប៉ុណ្ណោះបានរួចរស់ជីវិត ខណៈជាង ២០០នាក់ទៀតបានស្លាប់និងរកសាកសពឃើញ ប៉ុន្តែ ៣០០នាក់ទៀតបានជាប់ខ្លួននឹងនាវា ហើយលិចចូលទៅក្នុងបាតសមុទ្របាត់ ទើបតែសប្តាហ៍នេះ (ជាងមួយឆ្នាំក្រោយមក) អាជ្ញាធរជើងទឹកអ៊ីតាលីបានចុះទៅស្រង់យក គ្រោងឆ្អឹងរបស់ពួកឡើងមកលើគោកវិញ។

គួរបញ្ជាក់ថា នាវាខាងលើនេះបានដឹកមនុស្សរហូតដល់ទៅជាង ៧០០នាក់ឯណោះ ហើយវាបានលិច ដោយសារតែការផ្ទុកលើសចំណុះ។ វាក៏ត្រូវបានចាត់ទុកជាការលិចទូក បណ្តាលឲ្យស្លាប់ជនភៀសខ្លួន ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃវិបត្តិជនភៀសខ្លួនផងដែរ៕