(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មនឹងជំរុញការផ្សព្វផ្សាយពូជស្រូវថ្មី «ចំប៉ីស៧០» នៅលើទីផ្សារ និងជំរុញឱ្យវិស័យឯកជនបង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែខ្លាំង ដើម្បីចាប់យកចំណែកទីផ្សារថ្មី និងឈានទៅនាំចេញនាពេលខាង។

លោក ឌិត ទីណា ថ្លែងបែបនេះធ្វើឡើងក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា (CARDI)។

លោកបានគូសបញ្ជាក់បន្តថា«ចំប៉ីស៧០ ជាពូជថ្មី យើងត្រូវការឱ្យមានការទទួលស្គាល់ពីទីផ្សារឱ្យបានច្រើន ខ្ញុំសង្ឃឹមថា វិស័យឯកជន នឹងយកពូជនេះទៅផ្សព្វផ្សាយនៅគ្រប់វេទិកាផ្សេងៗដែលមានការដាក់តាំងនូវផលិតផលកសិកម្ម ដោយមិនត្រឹមតែតាំងជាអង្ករទេ គឺដាំទៅជាបាយដើម្បីឱ្យអ្នកមើលបានញ៉ាំសាកល្បង និងដឹងពីរសជាតិ»។

លោកបន្ថែមថា«ខ្ញុំយល់ថា អង្ករខ្មែរយើងនេះ ប្រសិនបើយើងជំរុញបន្ថែមទៀត ដល់សូម្បីតែអនិកជនខ្មែរយើងដែលនៅបរទេសបានស្វែងយល់ពីពូជផ្សេងៗទៀតដែលយើងមាន ហើយទទួលបាននូវពូជសុទ្ធអង្ករសុទ្ធសម្រាប់ទទួលទាននោះតម្រូវការនឹងកើនឡើងបន្ថែមទៀត ហើយការនាំចេញអង្ករនឹងកាន់តែបានខ្ពស់បន្ថែមទៀត»។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ពូជចំប៉ីស៧០ នឹងក្លាយជាទំនិញថ្មីមួយសម្រាប់កម្ពុជា ក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ជាពិសេសទៅលើទីផ្សារអង្ករក្រអូប។

លោកបានឱ្យដឹងបន្តថា សហព័ន្ធស្រូវអង្ករកម្ពុជា បានចាប់ផ្តើមផ្សព្វផ្សាយបណ្តើរៗហើយនៅលើទីផ្សារសំខាន់ៗមួយចំនួន ខណៈលោករំពឹងថា ចំប៉ីស៧០ ដែលបង្កាត់ចេញពីពូជស្រូវរំដួល នឹងមានគុណភាព មានការទទួលស្គាល់ដែលអាចចាប់យកទីផ្សារថ្មីបានលឿន ដោយបច្ចុប្បន្ននេះ មានទីផ្សារមួយចំនួន ដូចជាទីផ្សារអឺរ៉ុប ហុងកុង និងអូស្រ្តាលីកំពុងរកចាំសាកល្បង។

លោកបន្ថែមថា«ខ្ញុំគិតថា ឆ្នាំនេះឬឆ្នាំក្រោយយើងអាចឱ្យគេភ្លក់បានហើយ។ យើងបានចាប់ផ្តើមផ្សព្វផ្សាយហើយនៅប្រទេសអឺរ៉ុបមានដូចជាបារាំង ហូឡង់ ដាណឺម៉ាក អាល្លឺម៉ង់ សាំងហ្កាពួរ និងអូស្រ្តាលីជាដើម»។

លោកលើកឡើងទៀតថា ពូជចំប៉ីស៧០ នឹងធ្វើឱ្យដាំដុះរបស់កសិករ មានទិន្នផលខ្ពស់ជាងពូជស្រូវសព្វថ្ងៃ ដោយសារពូជស្រូវថ្មីនេះធន់នឹងជំងឺ និងអាកាសធាតុ ព្រមទាំងដាំដុះក្នុងរយៈពេលខ្លី។

លោកបន្ថែមថា នៅឆ្នាំលោកនឹងចាប់ផ្តើមចុះកិច្ចសន្យាជាមួយកសិករ ដើម្បីផលិតស្រូវចំប៉ីស៧០ ដែលចាប់ពីខែ កក្កដា និងសីហាទៅនឹងអាចចាប់ផ្តើមប្រមូលទិញបានហើយ។ បន្ទាប់មកនឹងធ្វើការវាយតម្លៃទៅលើរូបរាង(ខ្នាតអង្ករ) រសជាតិ និងភាពទន់នៃបាយ ដើម្បីកំណត់ថាអាចទទួលបានតម្លៃបន្ថែមខ្ពស់ឬយ៉ាងណា។

ជាមួយគ្នា នៅឆ្នាំនេះ សហព័ន្ធស្រូវអង្ករនឹងយក អង្ករចំប៉ីស៧០ទៅចូលរួមប្រកួតអង្ករល្អនៅលើពិភពលោក ជាមួយអង្ករ២ប្រភេទទៀត គឺផ្ការំដួល និងសែនក្រអូប ផងដែរ។

គួរជម្រាបថា ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែកសិករ ចំនួន៨០កន្លែង។

ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា (CARDI) និងរដ្ឋាភិបាលអូស្រ្តាលី។

ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយនឹងស្រឡាយស្រូវ មិនប្រកាន់រដូវ CNi9024៕