(កំពង់ធំ)៖ លោក ប្រាក់ លីម នាយកសាលារៀនសុវណ្ណភូមិសាខាខេត្តកំពង់ធំ បានដឹកនាំសិស្សានុសិស្សប្រមាណ១០០នាក់ ចូលរួមរើសសំរាមនៅទីសាធារណៈ ចាប់ពីគល់ស្ពានត្បូងចាមរហូតដល់ផ្សារស្ទឹងសែន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
លោក ប្រាក់ លីម បានលើកឡើងថា ការចូលរួមរើសសំរាមនៅថ្ងៃនេះ គឺក្នុងគោលបំណងបណ្ដុះគំនិតឱ្យកុមារ ក៏ដូចជាប្រជាជនទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថាន ទាំងនៅក្នុងផ្ទះរបស់ខ្លួន និងនៅខាងក្រៅ ព្រោះយើងពឹងផ្អែកទៅលើអ្នកថែរក្សាអនាម័យតែមួយប្រភេទ (ទាំងស្រុង) គឺមិនគ្រប់គ្រាន់ទេ គាត់មិនអាចរ៉ាប់រងឈ្នះទេ យើងគួរគប្បីចូលរួមទាំងអស់គ្នាដើម្បីសម្អាតប្រទេសរបស់យើង។
លោកថា កាលណាបរិស្ថានស្អាតល្អ ធ្វើឱ្យមានសុខភាពល្អ មិនមានជំងឺ និងមេរោគនានាមិនអាចមកបៀតបៀនបាននោះឡើយ ដោយសារតែយើងមានខ្យល់អាកាសបរិសុទ្ធដែលយើងបានមកពីដើមឈើ ព្រោះដើមឈើមានសារប្រយោជន៍ជាច្រើនដល់យើង ដូចជាផ្ដល់ម្លប់ នៅពេលដែលមានពន្លឺព្រះអាទិត្យក្ដៅខ្លាំងទប់ស្កាត់គ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ ភ្លៀង ផ្គរ រន្ទះជាដើម ហើយដើមឈើក៏បញ្ចេញនូវឧស្ម័នអុកស៊ីសែនក្នុងបរិយាកាស ជួយកាត់បន្ថយនូវឧស្ម័នពុល ក៏ដូចជាកម្ដៅលើភពផែនដីផងដែរ។
លោកបន្តថា «កាលណាយើងមានបរិស្ថានស្អាត ក៏យើងអាចទាក់ទាញនូវភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត ក៏ដូចជាធ្វើទស្សនកិច្ចនៅទីក្រុងរបស់យើងថែមទៀតផង។ កាលណាយើងមានបរិស្ថានស្អាត ក៏យើងអាចជួយដល់ប្រទេសជាតិយើងឱ្យមានភាពថ្លៃថ្នូរ និងសង្គមជាតិយើងឱ្យមានសណ្ដាប់ធ្នាប់ល្អ»៕