(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ លេងមិនឈ្នះមាន់គកបារាំង សោះក្នុង៥ប្រកួតចុងក្រោយនេះ នេះដោយផ្អែកតាមគេហទំព័រ 7m Sport មុនការជួបគ្នាជាថ្មីម្តងទៀតរាត្រីម៉ោង ២រំលងអាធ្រាត្រនេះនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន UEFA Euro 2016 នៅប្រទេសបារាំង។
ទាំងម្ចាស់ផ្ទះបារាំង និងព័រទុយហ្គាល់ ពុំមានកីឡាករណាជាប់បម្រាម ឬទទួលរងរបួសឡើយ ពោលគឺពេញជើងដូចគ្នា នៅពហុកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុង Saint-Denis នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រជែងយកពាន Euro 2016 លើកទី១៥ នេះ ដែលជាការធ្វើម្ចាស់ផ្ទះលើកទី៣ របស់បារាំងផងដែរ។
ក្នុងប្រវត្តិជួបគ្នាចំនួន៥ប្រកួតចុងក្រោយនេះ បារាំងបានយកឈ្នះ ព័រទុយហ្គាល់ ១-០ និង ២-១ ក្នុងមិត្តភាពអន្តរជាតិ ហើយបារាំង បានយកឈ្នះព័រទុយហ្គាល់ ១-០ កាលពីប្រកួតជម្រុះក្នុងពូលនៃ World Cup 2006 នៅអាល្លឺម៉ង់ ជាមួយ នឹងប្រវត្តិឈ្នះព័រទុយហ្គាល់ ៣-២ ក្នុង Euro 1984 មុនឈ្នះ ២-១ ម្តងទៀតក្នុងព្រឹត្តិការណ៍ Euro 2000 នៅ ប្រទេសអង់គ្លេស គ្រាដែលប្រវត្តិស្មើ និងឈ្នះ សម្រាប់ព័រទុយហ្គាល់ គ្មានឡើយរហូត មកទល់នឹងពេលនេះ។
ទាំងការប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួតផ្លូវការដណ្តើមពានធំៗ បារាំងតែងតែធ្វើបានល្អជានិច្ច ពេលជួប នឹងព័រទុយហ្គាល់ ក្នុងនាមជាក្រុមធ្លាប់ឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro នេះបាន២សម័យកាល ក្នុងឆ្នាំ១៩៨៤ ក្រោយយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញ ២-០ នៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះលើកទី២ ឆ្នាំ២០០០ ក្រោយយកឈ្នះអ៊ីតាលី ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ដែលមានប៊ែលហ្ស៊ិក និងហូឡង់ ធ្វើម្ចាស់ផ្ទះរួមគ្នា។
នេះជាលើកទី៣ ហើយដែលបារាំង បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយ២ដងមកនេះលើកពានរហូត មិនដែលរងជើងឯកឡើយ ខណៈដែលគូប្រជែងព័រទុយហ្គាល់ បានឡើងមកដល់ វគ្គផ្តាច់ព្រ័ត្រ ២ដងទាំងលើកនេះ ក្រោយពីបានចាញ់ក្រិក ១-០ ក្នុងទឹកដីរបស់ខ្លួនកាលពី Euro 2004 នៅវគ្គផ្តាច់ព្រ័ត្រ ដោយមិនធ្លាប់លើកពាន ដែលមានរយៈពេល ៤ឆ្នាំម្តងនេះនៅឡើយទេ។ បារាំង មានកីឡាករដ៏គ្រោះថ្នាក់ ៤នាក់គឺ ខ្សែបម្រើប្រយុទ្ធ Paul Pogba មកពីក្លឹប Juventus, ខ្សែប្រយុទ្ធ Olivier Giroud មកពី Arsenal, Dimitri Payet មកពី West Ham United និងខ្សែប្រយុទ្ធដែលទម្លាក់អាល្លឺម៉ង់ ២-០ នៅវគ្គ៤ក្រុម Antoine Griezmann មកពីក្លឹប Atletico Madrid របស់អេស្ប៉ាញ។
ងាកមកមើលប្រព័ន្ធវិញ បារាំង មានកីឡាករដ៏គួរឲ្យទុកចិត្តបាន Bacary Sagna មកពី Manchester City, Patrice Evra មកពីក្លឹប Juventus និង Laurent Koscielny មកពី Arsenal ដែលពួកគេទាំងពីរនាក់នេះ បានបំពេញតួនាទីយ៉ាងល្អ ដើម្បីការទីមិនឲ្យកីឡាករ អាល្លឺម៉ង់ ស៊ុតបំបែកពងមាន់កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើយ ជាមួយនឹងអ្នកចាំទី Hugo Lloris មកពីក្លឹប Tottenham Hotspur របស់អង់គ្លេស។
សម្រាប់ព័រទុយហ្គាល់វិញ ការទម្លាក់វ៉េល ២-០ ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាជោគជ័យដ៏ធំរបស់គេក្នុង Euro 2016 នេះ ដែលឈ្នះក្នុងម៉ោង ៩០នាទី ក្រៅពីលេង៣ប្រកួត សន្សំពិន្ទុក្នុងពូល F ចុងក្រោយគេស្មើទាំងអស់គឺ លទ្ធផល ១-១ ពេលជួបអ៊ីស្លង់, ស្មើ ០-០ ពេលប៉ះអូទ្រីស និងស្មើ ៣-៣ ពេលប៉ះហុងគ្រី ជាក្រុមលេខ៣ ចេញពីក្នុងពូល F មុនមកទម្លាក់ក្រូអាត ១-០ ក្នុងនាទីបន្ថែម១៥នាទី ២ដង និងទម្លាក់ប៉ូឡូញ ៥-៣ ដោយបាល់ប៉េណាល់ទី ក្រោយពីលេងពេញម៉ោង និងថែម១៥នាទី២ដង ស្មើគ្នា ១-១ ក្នុងវគ្គ៨ក្រុម។
តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាប្រវត្តិប៉ុណ្ណោះ មិនប្រាកដថាម្ចាស់ផ្ទះបារាំង បន្តយកឈ្នះទៀតដែរ ព្រោះបាល់មូល និងជើងកីឡាករមួយចំនួនត្រូវបានផ្លាស់ប្តូរ និងអាស្រ័យលើយុទ្ធសាស្រ្តនៅលើទីលានរបស់គ្រូបង្វឹកនីមួយៗប៉ុណ្ណោះ ក្រោយកញ្ចែបញ្ចប់ការប្រកួតទាំងស្រុង ទើបដឹងថា ក្រុមណាខ្លាំងពិតប្រាកដ៕