(ព្រៃវែង)៖ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មាធិការសាខាក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកព្រះស្តេច អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៦២គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន ២១គ្រួសារ និងខូចខាតមធ្យម ចំនួន ៤០គ្រួសារ និងរន្ទះបាញ់ស្លាប់ម្នាក់ ក្នុងឃុំចំនួន ៣ គឺឃុំអង្គររាជ្យ ឃុំបឹងដោល និងឃុំជៃកំពក ស្មើ៩ភូមិ នៃស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
ថ្លែងនាឱកាសនោះ លោក ជា សុមេធី បាននាំមកនូវសេចក្តីនឹករលឹករបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូន ដែលរងគ្រោះដោយសាខ្យល់កន្រ្តាក់ បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។
លោកប្រធានគណៈកម្មាធិការសាខា បានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ។
សម្ភារផ្តល់ជូនរួមមានរងគ្រោះធ្ងន់ធ្ងរ ២១គ្រួសារ ទទួលបាន អង្ករ ២៥គ.ក តង់១ កន្ទេល១ មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។
រងគ្រោះមធ្យម ៤០គ្រួសារ ទទួលបាន អង្ករ ២៥គ.ក, កន្ទេល ១, មី ១កេស, ត្រី ខ ១យួរ, ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។ នាឱកាសនោះលោក ជា សុមេធី បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន បន្ថែមចំនួន ៥០,០០០រៀល ក្នុង ១គ្រួសារៗ។ លោកប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកមាន អង្ករ, ទឹកក្រូច, មី, ត្រីខ, ទឹកសុទ្ធ, និងថវិកាចំនួន ៨០ ម៉ឺនរៀល ជូនដល់គ្រួសារ សពដែលបានស្លាប់ដោយរន្ទះបាញ់នោះផងដែរ៕