(ភ្នំពេញ)៖ វិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល (IDRI) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងដោយលោកបណ្ឌិត សំ សិទ្ធិសេរី ប្រធានវិទ្យាស្ថាន និងបណ្តាញព័ត៌មាន Fresh News តំណាងដោយលោក គឹម ម៉េង សហស្ថាបនិក និងជាអគ្គនាយករង ទទួលបន្ទុកផ្នែកបច្ចេកទេស បានសហការក្នុងការជំរុញការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាភាសាខ្មែរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ទិន្នន័យព័ត៌មានបម្រើឱ្យការស្រាវជ្រាវនិងនវានវុត្តន៍។
កិច្ចសហការរនេះផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យាភាសាខ្មែរ (Khmer Natural Language Processing - Khmer NLP) ដែលអាចដាក់ឱ្យប្រើប្រាស់ក្ជាមួយបច្ចេកវិទ្យាចុងក្រោយនានា ដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ន (Artificial Intelligence), បច្ចេកវិទ្យា Machine Learning និង Deep Learning ព្រមទាំងបច្ចេកវិទ្យាផ្សេងៗទៀត។ ការសហការនេះអនុញ្ញាតអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលប្រើប្រាស់ទិន្នន័យព័ត៌មាននៃ បណ្តាញព័ត៌មាន Fresh News ដែលរួមមានអត្ថបទ វីដេអូ និងសំលេងនៃការរាយការណ៍ព័ត៌មាន សម្រាប់ធ្វើការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាភាសាខ្មែរ ព្រមទាំងពង្រឹងសមត្ថភាពប្រព័ន្ធបំលែងសំលេងទៅជាអក្សរខ្មែរ Khmer Automatic Speech Recognition, ប្រព័ន្ធ Khmer Chatbot, ប្រព័ន្ធបំលែងអក្សរទៅជាសំលេងខ្មែរ (Khmer Text To Speech)។
តាមរយៈកិច្ចសហការនេះ Fresh News ដែលជាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានឈានមុខគេនៅកម្ពុជា នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍លើបច្ចេកវិទ្យាឌីជីថលរបស់ IDRI ជាពិសេសការជំរុញការចាប់យកបច្ចេកវិទ្យារបស់ស្ថាប័នសារព័ត៌មាន តាមរយៈការគាំទ្រពី IDRI ក្នុងការបំពាក់បច្ចេកវិទ្យាភាសា និងបច្ចេកវិទ្យាថ្មីៗចុងក្រោយផ្សេងទៀត។
ស្ថាប័នទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិកានេះរនឹងនាំមកនូវលទ្ធផលវិជ្ជមាន ក្នុងការជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា ព្រមទាំងបានប្តេជ្ញាក្នុងកាធ្វើការរួមគ្នាដើម្បីធានាឱ្យបានជោគជ័យនៃកិច្ចសហប្រតិបត្តិការនេះ។
កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ការសហការរវាងសកលវិទ្យាល័យ និងវិស័យឯកជន ក្នុងការស្រាវជ្រាវ និងនវានុវត្តន៍ និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា៕