(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយសម្រួលដល់និយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការមេសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងពិនិត្យសម្រេចលើរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គ.ជ.ប ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ។

តាមរយៈកិច្ចប្រជុំដដែល គ.ជ.ប បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស និងប្រជាពលរដ្ឋឱ្យត្រៀមខ្លួន និងត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។

បន្ថែមពីនេះ គ.ជ.ប បានឯកភាពជាគោលការណ៍បញ្ចូលតួលេខចំនួនអ្នកបោះឆ្នោតដែលបានបោះឆ្នោត និងបន្ថែមកូឡោន (Column) ចំនួនលេខរៀងគណបក្ស ក្នុងទម្រង់តារាងកត់ត្រាសំឡេងឆ្នោតតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (ទម្រង់ ១១០៨) សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣, ឯកភាពលើការកំណត់ចំនួនបញ្ជាផលិត និងបោះពុម្ពសន្លឹកឆ្នោត និងសន្លឹកឆ្នោតគំរូ បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣, ឯកភាពលើរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២២, ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ក្នុងសេចក្ដីព្រាងសេចក្តីសម្រេចនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបានកំណត់រយៈពេល ៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ តាមសេចក្ដីសម្រេចនោះ អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គឺត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦)។

ចំពោះបញ្ហាផ្សេងៗ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពីសកម្មភាពឃោសនាបោះឆ្នោតអសកល ដែលកំពុងប្រព្រឹត្តទៅនៅក្រុង ស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មីថា មិនមានបញ្ហាអ្វីកើតឡើងស្មុគស្មាញទេ។ សម្រាប់សកម្មភាពឃោសនាបោះឆ្នោតសកល នាពេលខាងមុខ។

លោក ប្រាជ្ញ ចន្ទ បានណែនាំអគ្គលេខាធិការ គ.ជ.ប ឱ្យពិនិត្យ និងសិក្សាស្រាវជ្រាវ ដើម្បីកំណត់អំពីនិយមន័យ ទម្រង់ ទំហំ និងរូបភាពឃោសនាបោះឆ្នោតឱ្យបានច្បាស់លាស់ ពិសេសសកម្មភាពហែក្បួនឃោសនា និងក្បួនព្យុហយាត្រារបស់គណបក្សនយោបាយ៕