(ឡាវ)៖ ថ្នាក់់ដឹកនាំកំពូលនៃគណៈកម្មការទន្លេមេគង្គ (MRC) ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម និងតំណាងជាន់ខ្ពស់របស់មីយ៉ាន់ម៉ា និងចិន ព្រមទាំងប្រទេសដៃគូ​អភិ​វឌ្ឍន៍ បានបើកកិច្ច​កំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី០៥ ខែមេសា​ ឆ្នាំ២០២៣។

ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាង​ទន្លេមេគង្គ​ ដែលមាន​សន្តិសុខទឹក ប្រកបដោយចីរភាព» មេដឹកនាំប្រទេសសមាជិគណៈកម្មការទន្លេមេគង្គ បានរំលឹក​ឡើងវិញ នូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្ដីពីកិច្ចសហប្រតិ​បត្តិការ​សម្រាប់ការអភិវឌ្ឍ ដោយចីរភាព នៃអាងទន្លេមេគង្គ និងការ​បង្កើត​ឡើងគណៈ​កម្មការ​ទន្លេមេគង្គ (MRC) ដោយតំណាងរដ្ឋាភិបាល នៃបណ្ដា​ប្រទេស​ក្នុង​អាងទន្លេ​មេគង្គ​ក្រោម ដោយផ្អែកលើទស្សនៈវិស័យ សម្រាប់អាងទន្លេទាំងមូល និង​ដោយ​ឈរលើ​ប្រវត្តិដ៏យូរអង្វែង នៃកិច្ចសហប្រតិបត្តិការមេគង្គចាប់តាំងពីឆ្នាំ១៩៥៧មក ដែលពេល​នោះ បានបង្កើតឡើងនូវគណៈកម្មាធិការសម្រាប់សម្រប​សម្រួលការស្រាវ​ជ្រាវ​ក្នុង​អាងទន្លេមេគង្គក្រោម។

មេដឹកនាំទាំងអស់បានកត់សម្គាល់ពីសកម្មភាពជាអាទិភាព និងការប្តេជ្ញាចិត្តដែលបាន​កំណត់ និងធ្វើមុនកិច្ចប្រជុំកំពូល MRC និងភាពប្រទាក់ក្រឡាគ្នាជាបន្ត ជាមួយនឹង​ប្រទេសជាសមាជិក MRC រួមមានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី១ ក្នុងឆ្នាំ២០១០ នៅទីក្រុងហួហ៉ីន ប្រទេសថៃ ក្រោមមូលបទ «ការបំពេញតាមតម្រូវការ ដោយរក្សាបាន​នូវ​តុល្យភាព៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព», កិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ​២០១៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមមូលបទ «សន្តិសុខទឹក ស្បៀង​អាហារ និងថាមពល ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ក្រោមមូលបទ « ការលើកកម្ពស់​កិច្ច​ខិត​ខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់ នូវសារៈសំខាន់នៃការរួមចំណែក​របស់អាង​ទន្លេមេគង្គ ចំពោះផ្នែកពាក់ព័ន្ធនឹងទឹកនៃរបៀបវារៈ សហប្រជាជាតិ សម្រាប់ការអភិវឌ្ឍ​ដោយចីរភាពឆ្នាំ២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, ក្រប​ខណ្ឌសេនដៃ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ​សម្រាប់ឆ្នាំ​២០​១៥​-២០៣០, របៀបវារៈអាស៊ាន ស្ដីពីសមាហរណកម្មតំបន់ ការតភ្ជាប់ និងការបិទគម្លាត​អភិវឌ្ឍន៍​ក្នុងសហគមន៍អាស៊ាន និងតម្រូវការសម្រាប់ការងើបឡើងវិញដ៏រឹងមាំ​ពីជំងឺឆ្លង​កូវីដ-១៩ ក្នុងស្ថានភាពមានការវិវត្តប្រែប្រួល និងបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិ មានលក្ខណៈស្មុគ្រស្មាញ ដែលក្នុងបរិបទនេះ មេដឹកនាំទាំងអស់បានអះអាងសារជាថ្មី នូវគុណតម្លៃនៃកិច្ចសហប្រតិបត្តិការពហុភាគី។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់នូវភាពបន្ទាន់ ចាំបាច់ជុំវិញបញ្ហាប្រឈម​ហានិ​ភ័យ និងកាលានុវត្តិភាពសំខាន់ៗ ដែលបណ្តាប្រទេសក្នុងអាងទន្លេមេគង្គក្រោម កំពុងជួបប្រទះនាពេលបច្ចុប្បន្ននិងអនាគត ដែលកើតឡើងដោយអន្តរកម្ម នៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ នោះការគ្រប់គ្រងទឹកឲ្យប្រសើរបំផុត ដើម្បីសម្រេចឱ្យ​បាន​នូវសន្តិសុខ ទឹកក្នុងអាងទន្លេមេគង្គ គឺមានសារៈសំខាន់សម្រាប់និរន្តរភាពបរិស្ថាន និ​ង​ទ្រទ្រង់​សុខុមាលភាពសេដ្ឋកិច្ច និងសង្គម របស់សហគមន៍ក្នុងអាងទន្លេមេគង្គ ក៏ប៉ុន្តែ​ទន្ទឹមនឹងនោះ ក៏ត្រូវស្វះស្វែងរកនូវគំនិតថ្មីៗ និងវិធីសាស្ត្រធ្វើការរួមគ្នាប្រកបដោយ​នវា​នុវត្តន៍ ដើម្បីដោះស្រាយឲ្យបានគ្រប់គ្រាន់ ឆ្លើយតបនឹងហានិភ័យដែលចេះតែកើនឡើង និងផលចំណេញខាតពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេ។

មេដឹកនាំ MRC បានទទួលស្គាល់ នូវការលើកកម្ពស់កាលានុវត្តភាពសម្រាប់​សន្តិសុខ​ទឹក ស្បៀងអាហារ និងថាមពលដែលមាន សម្រាប់ប្រទេសក្នុងអាងទន្លេមេគង្គទាំងអស់ អាចកើតមានបានតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រសិនបើប្រទេសទាំងអស់ធ្វើការរួមគ្នា។ មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់ អំពីសារៈ​សំខាន់​នៃអង្គការអាងទន្លេ ដែលផ្អែកលើសន្ធិសញ្ញាដ៏រឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុ ក្នុងស្ថានភាពដែលមានការវិវត្តផ្នែកស្ថាប័នសម្រាប់ការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ និងបានស្វាគមន៍ចំពោះការចូលរួមកាន់តែកើនឡើងពីប្រទេស​តាម​ដង​ទន្លេទាំងអស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាង ដោយឈរ​ស្មារតី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពិសេសទទួលស្គាល់នូវការចូលរួម និងកិច្ច​សហប្រតិបត្តិការរបស់ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតរបស់ MRC និងការ​ប្ដេជ្ញា​ចិត្តរបស់ពួកគេ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិករបស់ MRC។

ជាលទ្ធផលនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មេដឹកនាំប្រទេសគណៈកម្មការទន្លេមេគង្គ ឈានទៅចេញសេចក្តីថ្លែងការណ៍រួមក្រុងវៀងចន្ទន៍ ដែលមានចំនួន ១៦ចំណុចដូច​ខាងក្រោម​៖

ទី១៖ ទទួលស្គាល់នូវសមិទ្ធផល និងការវិវត្តសំខាន់ៗ របស់ MRC ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ រួមទាំងការរួមចំណែកជាបន្តបន្ទាប់ដល់កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយសន្តិភាព និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយ​ចីរភាពក្នុងតំបន់មេគង្គ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវា​ង​ប្រទេស​ជា​សមា​ជិក និងជាមួយដៃគូនានា និងជាពិសេស ការបង្កើត និងការចែករំលែកចំណេះដឹង ត្រូវ​បាន​ពង្រឹងដែលនេះបានជួយគាំទ្រធ្វើឱ្យការរៀបចំផែនការ និងការសម្រេចចិត្តមាន​លក្ខណៈ​កាន់តែប្រសើរឡើង ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍​ស្តីពីស្ថានភាព​អាងទន្លេឆ្នាំ២០១៨ និងការសិក្សាស្រាវជ្រាវ ព្រមទាំងការវាយតម្លៃផ្នែក​បច្ចេកទេស​ផ្សេងៗ ដែលរួមទាំងការស្រាវជ្រាវរួមគ្នា ជាមួយប្រទេសចិនមីយ៉ាន់ម៉ា វិទ្យាស្ថានគ្រប់​គ្រង ទឹកអន្តរជាតិ អង្គការសហប្រជាជាតិ និងដៃគូដទៃទៀត។

ទី២៖ វាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជូនដល់ MRC និងប្រទេសជាសមាជិក និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា MRC និងភាគី​ពាក់ព័ន្ធទាំងអស់ នាំឱ្យសម្រេចបាននូវសមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងទៀត។

ទី៣៖ ទទួលស្គាល់ថាសមិទ្ធផលទាំងនេះបានបង្កើតជាមូលដ្ឋានគ្រឹះថ្មី និងប្រសើរ​ជាង​មុន​ដើម្បីឱ្យ MARC សម្រេចបានយ៉ាងពេញលេញនូវអាណត្តិ និងមុខងារស្នូលរបស់ខ្លួន ក្នុងនាមជាអង្គការអាងទន្លេ តាមរយៈ៖ (ក) ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និង​ប្រសើរបំផុតដោយទន្ទឹមនោះបង្កើននូវសន្តិសុខទឹកក្នុងតំបន់ និងបង្កើតភាពធន់នឹង​អាកាស​ធាតុ (ខ) ការបំពេញបន្ថែមចំពោះការរៀបចំផែនការថ្នាក់ជាតិ ជាមួយនឹងការ​ធ្វើ​ផែនការសម្រាប់អាងទាំងមូល និងបើចាំបាច់ត្រូវមានកិច្ចសម្របសម្រួលលើប្រតិបត្តិការ អាង (គ) ការផ្ដល់ព័ត៌មានជាបន្ត និងប្រកបដោយតម្លាភាព អំពីស្ថានភាពបច្ចុប្បន្ន និង​នាពេលអនាគត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជូនដំណឹងជាមុន (ឃ) ការបង្កើន​ភាព​ជា​ម្ចាស់ និងសមត្ថភាពរបស់ ប្រទេសជាសមាជិកសម្រាប់ការអនុវត្តមុខ​ងារស្នូល​ក្នុងការ​គ្រប់​គ្រងអាងទន្លេ និង (ង) ការអភិវឌ្ឍស្ថាប័ន MRC ជាបន្ថែមទៀត សម្រាប់កិច្ច​សហ​ប្រតិ​បត្តិការក្នុងតំបន់ឱ្យកាន់តែមានកម្រិតខ្ពស់ជាងមុន ដែលនេះជាការចាំបាច់ ដើម្បីដោះ​ស្រាយបញ្ហាប្រឈមក្នុងអាង។

ទី៤៖ ទទួលស្គាល់អំពីកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាពលើ​គ្រប់​វិស័យទាំងអស់ ដែលពាក់ព័ន្ធនឹងទឹក រួមទាំងផ្នែក វារីអគ្គិសនី ធារាសាស្ត្រ នាវា​ចរណ៍ និងផ្នែកផ្សេងទៀត និងថាការផ្តល់សន្តិសុខទឹក ដើម្បីការពារសង្គមពីហានីភ័យ​ទឹក​ជាពិសេសគ្រោះទឹកជំនន់ និងភាពរាំងស្ងួត គឺមានសារៈសំខាន់ខ្លាំងណាស់​ដែលជាផ្នែក​រួម​មួយ នៃការវិនិយោគតាមវិស័យផ្សេងទៀត និងក៏ជាឱកាសសម្រាប់ការអភិវឌ្ឍ​ផ​ង​ដែរ​។

ទី៥៖ ទទួលស្គាល់ថាទន្ទឹមនឹងការអភិវឌ្ឍ និងការប្រើប្រាស់ទឹកទន្លេមេគង្គ នឹងរួមចំណែក​យ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច តែវាក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងររួមទាំង​ផលប៉ះ​ពាល់​ឆ្លងដែនដែលតម្រូវឱ្យមានការ ដោះស្រាយរួមគ្នាលើផ្នែកបរិស្ថាន និងសហគមន៍​ដែល​ងាយរងគ្រោះក្នុងអាងផងដែរ ជាពិសេសនៅពេលដែលមានបច្ច័យបន្ថែមកើតចេញ​ពីការប្រែប្រួលអាកាសធាតុ មានដូចជា៖ គ្រោះទឹកជំនន់ និងភាពរាំងស្ងួតធ្ងន់ធ្ងរ, ការហូរ​ច្រោះ និងកំណកកករល្បាប់, ផលប៉ះពាល់នៃការប្រែប្រួលយ៉ាងរហ័ស​នៃកម្រិត​កម្ពស់ និងលំហូរទឹកទន្លេនៅក្នុងផ្នែកខ្លះនៃអាង និងការធ្លាក់ចុះនៃធនធានបរិស្ថាននិងជលផល ដោយរួមទាំងដោយសារការបាត់បង់នៃការតភា្ជប់គ្នា។

ទី៦៖ រំលឹកឡើងវិញថា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាងដែលមានលក្ខ​ណៈកាន់​តែ​ស្មុគ្រស្មាញជាងមុននោះយើង ត្រូវការទាំងជម្រើសនៃការអភិវឌ្ឍ និងការគ្រប់គ្រង ដើម្បី​ធានា​បាននូវចីរភាពនៃមូលដ្ឋាន ធនធានបរិស្ថាន, កំណត់នូវជម្រើសដំណោះ​ស្រាយ​វិនិយោគ និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយអំពីទំនាក់ទំនងគ្នារវាងវិស័យផ្សេងៗ, គិត​គូរ​លើសពីការធ្វើផែនការធនធានទឹកដោយដាក់បញ្ចូលនូវការគ្រប់គ្រង​កិច្ចប្រតិបត្តិការ​ដោយរួមទាំងតាមរយៈឱកាសសម្រាប់កិច្ចសម្របសម្រួលឆ្លងដែនជាពិសេសលើ ការចែក​រំលែកឱ្យបានទាន់ពេល និងទៀងទាត់នូវទិន្នន័យនៃការប្រតិបត្តិការទំនប់ និងហេដ្ឋារចនា​សម្ព័ន្ធ ទឹកផ្សេងទៀត, និងដើម្បីកំណត់គម្រោងវិនិយោគរួមគ្នាដែលរួមចំណែកដល់​សន្តិ​សុខទឹក ស្បៀងអាហារ និងថាមពល។

ទី៧៖ ការកំណត់តាមរយៈការរៀបចំផែនការតំបន់បែបបុរេសកម្ម ដែលនាំឱ្យបង្កើតបាន​នូវ​ផែនការបណ្ដុំអាងទន្លេ គម្រោងវិនិយោគរួមថ្មីៗ និងថ្នាក់ជាតិដែលមានសារៈសំខាន់​សម្រាប់​អាងទាំងមូល និងសកម្មភាពពាក់ព័ន្ធដែលអាចបង្កើនភាពស៊ីសង្វាក់គ្នា និងកាត់​បន្ថយភាពងាយរងគ្រោះនៅកម្រិតអាង និងនៅថ្នាក់ជាតិ ហើយដែលផ្តល់នូវការឆ្លើយ​តប​ដ៏ទូលំទូលាយទៅនឹងការប្រែប្រួលអាកាសធាតុ ដោយរួមទាំងតាមរយៈហេដ្ឋារចនាសម្ព័ន្ធ និងជម្រើសអាងស្តុកទឹកតាមបែបធម្មជាតិ ដែនកំណត់បរិស្ថាន និងការធ្វើឱ្យប្រសើរ​ការ​គ្រប់​គ្រងកំណកកករល្បាប់ ហើយដែលគាំទ្រដល់ការអនុវត្តផែនការ​តាមវិស័យ​ថ្នាក់តំបន់​រួមគ្ន ដែលលើសពីផ្នែកដែលទាក់ទងនឹងទឹក ដូចជាការផលិតថាមពលកកើតឡើងវិញ និងដែលមិនពាក់ព័ន្ធនឹងទឹក, ការតភ្ជាប់ និងការធ្វើឱ្យប្រសើរនូវ​បណ្តាញខ្សែ​បញ្ជូន​ថាម​ពលក្នុងតំបន់, ការអភិវឌ្ឍទីផ្សារ និងពាណិជ្ជកម្មថាមពល និងមជ្ឈមណ្ឌលដឹក​ជញ្ជូន​ពហុ​ផ្នែក។

ទី៨៖ ផ្ដល់លទ្ធភាពឱ្យបណ្តាប្រទេសតាមអាងទន្លេ ជួយសហគមន៍ដើម្បីអាចសម្របខ្លួន​ទៅនឹងស្ថានភាពទន្ល ដែលការប្រែប្រួល ដោយត្រូវធានានូវប្រព័ន្ធទំនាក់ទំនង និងការជូន​ដំណឹងឱ្យបានទាន់ពេលវេលា និងដែលមានប្រសិទ្ធភាពជាងមុនសម្រាប់​លំហូរទឹក ដែល​ខុសពីធម្មតាបញ្ហាគុណភាពទឹក ទឹកជំនន់ និងភាពរាំងស្ងួត និងគ្រោះអាសន្ន ដែលពាក់ព័​ន្ធ​នឹងទឹកផ្សេងទៀត ទាំងក្នុងចំណោមប្រទេសមេគង្គ និងសហគមន៍ តាមអាងទន្លេ និង​ដោយត្រូវរួមគ្នាបង្កើនការចែករំលែកទិន្នន័យប្រតិបត្តិការពីហេដ្ឋារចនាសម្ព័ន្ធទឹកឱ្យបានទាន់ពេលវេលា និងជាប្រចាំសម្រាប់ការត្រៀមបង្ការ និងការឆ្លើយតបឱ្យបានកា​ន់តែប្រ​សើរ​ជាងមុន។

ទី៩៖ គាំទ្រដល់ការសេចក្តីសម្រេចលើការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការតាមរយៈការប្រើ​ប្រាស់​​បច្ចេកវិទ្យាកាន់តែប្រសើរ ដោយរួមទាំងការលើកកម្ពស់ការគាំទ្រការ​ធ្វើសេចក្តី​សម្រេចចិត្តដើម្បីអនុវត្តគ្រប់មុខងារគ្រប់គ្រងអាងទន្លេ មានជាអាទិ៍ ផ្នែកការពិនិត្យ​តាម​ដាន​ពាក់ព័ន្ធនឹងទឹក និងការគ្រប់គ្រងប្រតិបត្តិការអាងរហូតដល់ផ្នែកការវាយតម្លៃ និងការ​ធ្វើ​ផែនការយុទ្ធសាស្ត្ររយៈពេលវែង។

ទី១០៖ ធានាថាការពិគ្រោះយោបល់ត្រូវបានធ្វើឡើងក្នុងលក្ខណៈកាន់តែ​មានប្រសិទ្ធ​ភាព​ជាងមុន ដើម្បីសម្រេចបាននូវគោលបំណងរួមតាមរយៈការអនុវត្ត៖ ក្នុងភាពជាដៃគូជាមួយ​ដៃគូសន្ទនា MRC, វេទិកាអ្នកពាក់ព័ន្ធចម្រុះសម្រាប់អាងទាំងមូល ការបង្កើនសកម្មភាព​រួមគ្នា និងប្រកបដោយនវានុវត្តន៍ជាមួយវេទិកាសហប្រតិបត្តិការតំបន់ផ្សេងទៀត ដៃគូអភិ​វឌ្ឍន៍ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត។

ទី១១៖ ការពង្រឹងការគ្រប់គ្រងអាងទន្លេទាំងមូលស្របតាមអាណត្តិរបស់ MRC តាម​រយៈ​នវានុវត្តភាពក្នុងគោលនយោបាយ បច្ចេកវិទ្យា និងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ដែលពាក់ព័ន្ធមេគង្គ ផ្សេងទៀត។

ទី១២៖ ការរក្សា និងស្វែងរកហិរញ្ញប្បទានប្រកបដោយនវានុវត្តភាព ដើម្បីគាំទ្រដល់កិច្ច​ខិត​ខំប្រឹង​ប្រែងខាងលើដោយរួមទាំងតាមរយៈប្រភពសាធារណៈ និងឯកជនថ្មីៗ និងយន្ត​ការ​ផ្ដល់មូលនីធិសកល។

ទី១៣៖ ធានាថា MRC គឺស្ថិតក្នុងអន្តរការដោយចីរភាពឆ្ពោះទៅស្វ័យភាពផ្នែ​កហិរញ្ញវត្ថុ​ដោយខ្លួនឯង នៅត្រឹមឆ្នាំ២០៣០ ដោយរួមទាំងតាមរយៈការអភិវឌ្ឍស្ថាប័ន​ជាបន្ត​ ដែល​ពង្រឹងសមត្ថភាពរបស់ MRC និងស្ថាប័នជាតិដើម្បីអនុវត្តមុខងារស្នូលក្នុងការ​គ្រប់គ្រង​អាង​​ទន្លេ រួមទាំងការទទួលបាននូវទិន្នន័យពាក់ព័ន្ធនឹងទឹក និងការពិនិត្យតាមដានដែល​គាំទ្រ​ដោយក្រុមជំនាញអាងទន្លេរួមបណ្តាញពិនិត្យតាមដានទន្លេប្រកប ដោយប្រសិទ្ធ​ភាព, ការពង្រឹងការអនុវត្តនីតិវិធីរបស់ MRC និងយន្តការពាក់ព័ន្ធ, ទម្រង់ការងារ និងការទទួលយកទៅប្រើប្រាស់នូវយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំថ្នាក់តំបន់។

ទី១៤៖ យើងសូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែង​រួមគ្នា ដើម្បីពង្រឹងបន្ថែមទៀតនូវតួនាទីរបស់ MRC ក្នុងការជួយធានាឱ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និងថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ទី១៥៖ ស្វាគមន៍ចំពោះការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការធ្វើផែន​ការថ្នាក់តំបន់​បែប​បុរេសកម្ម និងការគ្រប់គ្រងកិច្ចប្រតិបត្តិការដោយមានការសម្របសម្រួល និងសូមអំពាវ​នាវ​ឱ្យ​បណ្តា​ប្រទេសតាមដងទន្លេ ដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការជាមួយ MRC ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីនានា ព្រមទាំងដើម្បី​គាំទ្រ​ដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងសម្រាប់ឆ្នាំ២០២១-២០៣០ ស្របតាម​សេច​ក្ដីថ្លែងការណ៍នេះ និងទន្លេមេគង្គតែមួយស្មារតីតែមួយ។

និងទី១៦៖ ប្រគល់ភារកិច្ចឱ្យ MRC ត្រូវសម្របសម្រួល និងពិនិត្យតាមដានការអនុវត្ត​សេចក្ដីថ្លែងការណ៍នេះ៕