(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានអាចមកចូលរួមទស្សនាកម្សាន្តសប្បាយ «សង្ក្រាន្ដវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ តាមថ្ងៃនីមួយៗ។

នាឱកាសរៀបចំសង្ក្រាន្ដវត្តភ្នំនោះ គឺមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្ដសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌៕

ខាងក្រោមនេះគឺជាលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ៖