(វៀងច័ន្ទន៍, ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាសមាជិក​គណៈ​កម្មការទន្លេមេគង្គ បានជំរុញឱ្យប្រទេសមេគង្គទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែង និងទទួលខុសត្រូវរួម ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ ដើម្បីធានាថា មេគង្គ ជាទន្លេដែលមានអនាគតកាន់តែត្រចះត្រចង់ មានវិបុលភាពរួមគ្នា សម្រាប់គ្រប់​ប្រទេស​តាមដងទន្លេ និងប្រជាជនទាំងអស់រស់នៅក្នុងអាងទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ​លើក​ទី៤ ដែលរៀបចំធ្វើឡើងនៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី០៥ ខែ​មេសា ឆ្នាំ២០២៣។ ក្រៅតែពីថ្នាក់ដឹកនាំសមាជិកទាំង៤ នៃគណៈកម្មការទន្លេមេគង្គ​រួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាមហើយនោះ កិច្ចប្រជុំនេះ ប្រតិភូតំណាងជាន់​ខ្ពស់​មកពីប្រទេសមីយ៉ាន់ម៉ា ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍​របស់​គណៈកម្មការ​ទន្លេមេគង្គមួយចំនួន។

មេដឹកនាំប្រទេសទន្លេមេគង្គទាំង៤ សុទ្ធតែបានឡើងថ្លែងសុន្ទរកថាគន្លឹះ ពាក់ព័ន្ធនឹង​បញ្ហា​​ទន្លេមេគង្គស្របតាមប្រធានបទ​ដែល​បានដាក់ចេញ «នវានុវត្តន៍ និងកិច្ចសហប្រតិ​បត្តិ​ការ​សម្រាប់អាងទន្លេ​មេគង្គ​ដែល​មាន​សន្តិសុខទឹក ប្រកបដោយចីរភាព»។

មេដឹកនាំទាំងអស់បានរំលឹក​ឡើងវិញ នូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្ដីពីកិច្ចសហប្រតិបត្តិការ​សម្រាប់ការអភិវឌ្ឍ ដោយចីរភាព នៃអាងទន្លេមេគង្គ និងការ​បង្កើត​ឡើងគណៈកម្មការទន្លេមេគង្គ (MRC) ដោយតំណាងរដ្ឋាភិបាល នៃបណ្ដា​ប្រទេស​ក្នុង​អាងទន្លេមេគង្គក្រោម ដោយផ្អែកលើទស្សនៈវិស័យ សម្រាប់អាងទន្លេទាំងមូល និង​ដោយ​ឈរលើប្រវត្តិដ៏យូរអង្វែង នៃកិច្ចសហប្រតិបត្តិការមេគង្គចាប់តាំងពីឆ្នាំ១៩៥៧មក ដែលពេលនោះ បានបង្កើតឡើងនូវគណៈកម្មាធិការសម្រាប់សម្រប​សម្រួលការស្រាវ​ជ្រាវ​ក្នុងអាងទន្លេមេគង្គក្រោម។

មេដឹកនាំទាំងអស់បានកត់សម្គាល់ពីសកម្មភាពជាអាទិភាព និងការប្តេជ្ញាចិត្តដែលបាន​កំណត់ និងធ្វើមុនកិច្ចប្រជុំកំពូល MRC និងភាពប្រទាក់ក្រឡាគ្នាជាបន្ត ជាមួយនឹង​ប្រទេសជាសមាជិក MRC រួមមានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី១ ក្នុងឆ្នាំ២០១០ នៅទីក្រុងហួហ៉ីន ប្រទេសថៃ ក្រោមមូលបទ «ការបំពេញតាមតម្រូវការ ដោយរក្សាបាន​នូវ​តុល្យភាព៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព», កិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ​២០១៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមមូលបទ «សន្តិសុខទឹក ស្បៀង​អាហារ និងថាមពល ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ក្រោមមូលបទ « ការលើកកម្ពស់​កិច្ច​ខិត​ខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅព្រឹត្តិការណ៍នៃការជួបជុំប្រជុំកំពូល​គណៈកម្មការ​ទន្លេមេគង្គនៅប្រទេសឡាវ គឺជាថ្ងៃពិសេសមួយទៀត​ក្នុងប្រវត្តិ​នៃកិច្ចសហប្រតិ​បត្តិការ​មេគង្គ។

ក្នុងសុន្ទកថាគន្លឹះនោះ​ សម្តេចតេជោ បានលើកឡើងថា ទន្លេមេគង្គ គឺជាប្រភពទឹកប្រកប​ដោយចីរភាព ដែលផ្តល់នូវផលប្រយោជន៍ផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌ សម្រាប់​បណ្តាប្រទេសតាមដងទន្លេ និងសុខមាលភាពរបស់ប្រជាជនទាំងក្នុង និងក្រៅ​អាង និងជាប្រភពនៃការលូតលាស់ដោយចីរភាព សម្រាប់គ្រប់ប្រទេសមេគង្គទាំងអស់។​កិច្ចសហប្រតិបត្តិការដែលយើងបានធ្វើមកទល់បច្ចុប្បន្ននេះ និង ទៅអនាគត គឺត្រូវរួម​គ្នា​ធានាឱ្យបាននូវនិរន្តរភាពនៃទន្លេមេគង្គ និងទន្លេមេគង្គដែលមានសុខភាពល្អ ។

សម្តេចតេជោ បានលើកឡើងដែរថា ការសម្រេចបានជានិរន្តរ៍នូវសន្តិសុខទឹក ស្បៀង​អាហារ និងថាមពល គឺជាអាទិភាពខ្ពស់បំផុតនៅក្នុង របៀបវារៈ និងគោលបំណង​នៃការ​អភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ និងក៏ដូចជាសម្រាប់ បណ្តាប្រទេសតាម​ដង​ទន្លេ​នីមួយៗផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចដែរថា និរន្តរភាពនៃទន្លេមេគង្គ គឺជាចំណុច​ស្នូល​ ដែលត្រូវយកចិត្តទុកដាក់ ហើយជាក្តីបារម្ភរប​ស់ប្រទេសទន្លេមេគង្គ។ បើតាម​សម្តេច​​តេជោ បញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ គឺដោយសារតែការអភិវឌ្ឍ​សម្រាប់​ការ​លូតលាស់​ផ្នែកសេដ្ឋ​កិច្ច​ក្នុងតំបន់មេគង្គ គឺមានការកើនឡើង និងស្ថិតក្នុងសន្ទុះ​លឿនរហ័ស។ ការអភិវឌ្ឍសេដ្ឋ​កិច្ចយ៉ាងរហ័ស នាំឱ្យការប្រើប្រាស់ទឹកមេគង្គមានការ​កើន​ឡើង ហើយនិន្នាការនេះ នឹង​បន្ត​កើនឡើងនាពេលអនាគត និងទន្ទឹមនឹងនោះ បណ្តា​ប្រទេស​មេគង្គ ក៏ដូចជានៅផ្នែក​ផ្សេង​ទៀតក្នុងពិភពលោកដែរ ក៏បានយកចិត្តទុកដាក់ខិត​ខំប្រឹង​ប្រែងយ៉ាងខ្លាំង ដើម្បីស្តារ​សេដ្ឋកិច្ចឡើងវិញ ពីផលប៉ះពាល់ដោយសារជំងឺ​សកល​កូវីដ-១៩ ដែលបានអូសបន្លាយ និងដើម្បីការលូតលាស់ប្រកបដោយចីរភាព។

«កត្តាទាំងអស់នេះ គួបផ្សំនឹង​ការប្រែប្រួល​អាកាស​ធាតុ ព្រមទាំងហានិភ័យ និងផលប៉ះ​ពាល់​​ដែលនឹងកើតមាននោះ​ទាមទារឱ្យយើង ត្រូវបង្កើនការយកចិត្តទុកដាក់​កាន់តែខ្លាំង​ថែមទៀត ដោយត្រូវធ្វើសកម្មភាពរួមគ្នាក្នុងលក្ខណៈឱ្យកាន់តែមានប្រសិទ្ធភាព ប្រកប​ដោយ​កិច្ចសហការ និងឱ្យបានទាន់ពេលវេលា»។ នេះការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ទន្លេមេគង្គ។

ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ សម្តេចតេជោ បានលើកទឹកចិត្តដល់គណៈកម្មការ​ទន្លេ​មេគង្គ ឱ្យបន្តប្រឹងប្រែងព្យាយាមបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការរៀបចំផែនការអាង​មាន​លក្ខណៈគ្រប់ជ្រុងជ្រោយកាន់តែប្រសើរ ការអនុវត្ត ការងារ និងការគ្រប់គ្រងកាន់​តែមាន​ប្រសិទ្ធភាព នវានុវត្តន៍លើកិច្ចដំណើរការផ្នែកបច្ចេកទេស និងផ្នែកបច្ចេកវិទ្យា ដោយធ្វើកិច្ចសហការកាន់តែសកម្ម និងបែបបុរេសកម្មជាមួយបណ្តាប្រទេស និងដៃគូ​មេគង្គ សំដៅនំាមកនូវដំណោះស្រាយប្រកបដោយចីរភាព ឆ្ពោះទៅសម្រេចបាននូវគោល​ដៅអភិវឌ្ឍន៍ និងការគ្រប់គ្រងកាន់តែប្រសើរ និងប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ។

សម្តេចតេជោ ក៏បានជំរុញ និងលើកទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គ ឱ្យបន្តខិតខំ​យក​ចិត្តទុកដាក់ និងធ្វើការឱ្យកាន់តែជិតស្និទ្ធ និងសហការឱ្យកាន់តែល្អថែមទៀត ជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងដៃគូសហប្រតិបត្តិការទាំងអស់ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និយាយជារួម និងសេចក្តីថ្លែងការណ៍រួមក្រុងវៀងច័ន្ទន៍ នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤ និយាយដោយឡែក។

បើទោះបីជាយ៉ាងណាសម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ដោយសារការ​បន្តកិច្ច​ខិតប្រឹង​ប្រែង ការធ្វើការរួមគ្នា និងកិច្ចសហការរវាងគ្នានឹងគ្នា នោះនឹងធ្វើឱ្យប្រទេសមេគង្គ អាច​សម្រេចបានវឌ្ឍនភាពធំៗបន្ថែមទៀត តម្រង់ឆ្ពោះទៅគោលដៅរួម គឺការសម្រេចឱ្យ​បាន​នូវអាងទន្លេមេគង្គ ដែលមានសន្តិសុខទឹកប្រកបដោយចីរភាព មានវិបុលភាព និងមាន​ភាពធន់ ដោយនឹងបន្តផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងជានិរន្តរ៍៕