(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ខាងលើនេះ ការចូលរួម ពីលោកអនុប្រធាន-សមាជិក គ.ល.ក. ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិយ័តករ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ គ.ល.ក. ព្រមទាំងឧកញ៉ាអគ្គនាយក និងបុគ្គលិកក្រុមហ៊ុន គីម ម៉ិច ជាច្រើនរូបទៀត។
អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ២៥បេ ផ្លូវរុក្ខវីថីសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អគារនេះ មានកម្ពស់១៨ជាន់ (៦៩.៥៥ម៉ែត្រ) មានផ្ទៃក្រឡាសំណង់សរុប៨,០៨៧ម៉ែត្រការ៉េ ជាសំណង់អគារតាមបែបទំនើប (Modern Style) ដោយបានគិតគូរបែងចែកជា បន្ទប់ការិយាល័យ សាលប្រជុំ បន្ទប់បច្ចេកទេស និងជាន់អាហារដ្ឋាន ព្រមទាំងមានបំពាក់ប្រព័ន្ធសុវត្ថិភាពអគារ និងប្រព័ន្ធចំណតរថយន្ត (Car Lift) ដែលនឹងក្លាយជាទីតាំង នៃការគ្រប់គ្រង និងបណ្តុំនៃការផ្តល់សេវាប្រកបដោយផាសុកភាព ប្រណិតភាព និងបានឆាប់រហ័សដល់ប្រតិបត្តិករ។
គម្រោងដ៏សំខាន់នេះ ត្រូវផ្តល់ជូនក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន & អ៊ិនវេសមេន លើសាងសង់អគារ គ.ល.ក. និងក្រុមហ៊ុន លេហ្គាស្ស៊ី ឌីស្សាញ ឯ.ក លើសេវាកម្មរចនាប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ ដោយប្រើរយៈសាងសង់ប្រមាណ ២៤ខែ។
គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា "គ.ល.ក." មានតួនាទី ធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាពនិងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្ម សិទ្ធិនិងកាតព្វកិច្ចរបស់រូបវន្តបុគ្គលនិងនីតិបុគ្គលក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្មនិងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្មព្រមទាំងបង្កើតស្តង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា៕