(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះវិហារ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តព្រៃអង្គរក្រៅ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង១២០០នាក់ផងដែរ។
ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត ក៏បានលើកឡើងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ លោកសង្កេតឃើញថា មានការរៀបចំសង្រ្កាន្កច្រើននៅតាមបណ្តាខេត្ត និងទីវត្តអារាមនានានៅទូទាំងប្រទេស។
អមជាមួយនឹងការចូលរួមលេងសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋមន្រ្តី វង សូត សូមជូនពរឲ្យបងប្អូនខ្មែរទាំងអស់ទទួលបានភាពសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺកូវីដ១៩គ្រប់ៗគ្នា។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ រងគ្រោះ និងងាយរងគ្រោះជាដើម។
រដ្ឋមន្រ្តី វង សូត ក៏បានគូសបញ្ជាក់ទៀតថា វត្តព្រៃអង្គរក្រៅនេះ គឺជាវត្តដែលមានវ័យចំណាស់ដែលមានអាយុកាលជាង ៣00 ឆ្នាំមកហើយគិតមកដល់សព្វថ្ងៃ ក៏ជាទីប្រតិបត្តិធម៌របស់ពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយផងដែរ ចាប់តាំងពីថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិពីបាតដៃទទេរឱ្យមានការរីកចម្រើនគ្រប់វិស័យ ក្នុងនោះវិស័យសាសនាក៏មានការរីកចម្រើនជាបន្តបន្ទាប់ គ្រប់វត្តអារាមមានសំណង់ធំៗ មានព្រះវិហារ កុដិ ឧបដ្ឋានសាលា របង ខ្លោងទ្វារ និងសំណង់ជាច្រើនទៀត។ ជាពិសេសសាលាធម្មវិន័យ និងសាលាពុទ្ធិកសិក្សា តាំងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា (គ្រប់កម្រិតសិក្សា) ដែលជាមូលដ្ឋានគ្រឹះ នៃព្រះពុទ្ធសាសនា។
ឆ្លៀតក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បាននាំយកនូវបច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន២០លានរៀលសម្រាប់កសាងសមិទ្ធផលនានាបន្ថែមទៀត និងបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់រៀបចំកម្មវិធីសង្រ្កាន្កអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រួមមានសាលាស្រុកពញាក្រែកថវិកា ចំនួន១០លានរៀល, វិទ្យាល័យក្នុងស្រុកពញាក្រែកចំនួន៤ ក្នុង១វិទ្យាល័យថវិកា៣លានរៀល, អនុវិទ្យាល័យក្នុងស្រុកពញាក្រែកចំនួន៨ ក្នុង១វិទ្យាល័យថវិកា២លានរៀល និងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ តាជីយាយជី កងកម្លាំង និងសិស្សនុសិស្សដែលបានចូលរួមពិធីផងដែរ៕