(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន នឹងរៀបចំពិធីខួប ១០ឆ្នាំនៃព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ «ក្តីស្រម៉ៃ និងសង្ឃឹម» ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា។ តើពាក្យ «អង្គរសង្ក្រាន្ត» មានអត្ថន័យយ៉ាងណាដែរ?

ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា បានកំណត់និយមន័យពាក្យ «អង្គរសង្ក្រាន្ត» តាមសំណើសុំការផ្តល់យោបល់ និងបកស្រាយ របស់លោក ហ៊ុន ម៉ានី កាលពីឆ្នាំ២០២១៣។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់បណ្តាញ Fresh News នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានសម្រេចយកពាក្យ «អង្គរសង្ក្រាន្ត» និង ដោយកំណត់ថា ជាពាក្យផ្សំរវាងពាក្យ «អង្គរ» និង «សង្ក្រាន្ត» ដោយ៖

* អង្គរ ជាពាក្យប្រើក្លាយមកពីពាក្យ នគរ ដែលមានន័យថា ក្រុង, រាជធានី (តាមសម្តេច ជួន ណាត វចនានុក្រមខ្មែរ ទំព័រ ១៥៧៣)។
* សង្ក្រាន្ត មានន័យថា ដំណើរឃ្លាតចាកទី, ការឈានចូលដល់, ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបជុំ រាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី) តាមសម្តេច ជួន ណាត វចនានុក្រមខ្មែរ ទំព័រ១២៣៧។

ដូច្នេះ «អង្គរសង្ក្រាន្ត» មានន័យថា ការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ អង្គរ នៃព្រះរាជាណាចក្រកម្ពុជា៕