(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក វួយ វិនហួយ មេបញ្ជា​ការ​តំបន់​ភូមិភាគខាង​ត្បូង​នៃ​កងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា ចិនប្រកាន់ខ្ជាប់គោលនយោបាយការពារជាតិលក្ខណៈការពារ មិនធ្វើអនុតរភាព និងមិនវាទីនិយមជារៀងរហូត។

ការលើកឡើងរបស់មេទ័ពចិនរូបនេះ បានធ្វើឡើងក្នុងពិធីបិទសមយុទ្ធនាគមាស​ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ដូច្នេះថា៖ «ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយការពារជាតិ លក្ខណៈការពារ មិនធ្វើអនុតរភាពជារៀងរហូត មិនវាទីនិយមជារៀងរហូត ជានិច្ចកាលកងទ័ពចិន ជាកម្លាំងខ្លាំងក្លាមួយសម្រាប់ការពារសន្តិភាពតំបន់ និងពិភពលោក។

លោកបានបន្តថា៖ ការកើនឡើងនៃកម្លាំងកងទ័ពចិន គឺជាការកើនឡើងនៃកម្លាំងស្រលាញ់សន្តិភាព កងទ័ពចិនរីករាយពួតដៃជាមួយនឹង កងទ័ពនៃប្រទេសដែលស្រលាញ់សន្តិភាព បង្កើនការផ្លាស់ប្តូរលក្ខណៈយុទ្ធសាស្ត្រ ពង្រីក និងពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការប្រកៀកស្មា ឆ្លើយតបនឹងការគំរាមកំហែងរួម»។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ​ប្រជា​ជន​ចិន បានធ្វើឡើងចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ សមយុទ្ធនាគមាស ឆ្នាំ២០២៣​នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការ​ជួយ​សង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នៅមជ្ឃ​មណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕