(វៀតណាម)៖ កម្ពុជា និងវៀតណាមឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យប្រសើរឡើងលើការអភិវឌ្ឍធនធានមនុស្ស មុខរបរ និងការងារ និងកិច្ចគាំពារសង្គមជាដើម។

ការឯកភាពនេះកើតចេញពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក DAO NGUC DUNG រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធាណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នាឱកាសនោះ លោក អ៉ិត សំហេង បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការបានយ៉ាងល្អចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសចំណងមិត្តភាពការទូតរយៈពេល៥៥ឆ្នាំនៃប្រទេសទាំងពីរ ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរអង្វែងលើគ្រប់វិស័យ រួមមាន ឧស្សាហកម្ម អប់រំនិងបណ្តុះបណ្តាល កសិកម្ម សេវាកម្ម និងទេសចរណ៍ជាដើម ដែលប្រទេសនិងប្រជាជនទាំងពីរទទួលបានផ្លែផ្ការៀងៗខ្លួនពីកិច្ចសហប្រតិបត្តិការនេះ។

លោកបានបន្តថា ការគ្រប់គ្រងកម្លាំងពលកម្មបរទេសនៅកម្ពុជា គឺកម្ពុជាបានអនុវត្តនូវគោលនយោបាយជនបរទេសដោយស្មើភាពគ្នាលើគ្រប់ជនជាតិ ដែលមកធ្វើការស្របច្បាប់នៅកម្ពុជា រួមទាំងជនជាតិវៀតណាមផងដែរ។ មួយវិញទៀតក៏អរគុណដល់ភាគីវៀតណាម ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនបានសិក្សារៀនសូត្រនាពេលកន្លងមក និងពេលបច្ចុប្បន្ន ហើយគ្រឹះស្ថានបណ្តុះបណ្តាលរបស់ប្រទេសទាំងពីរក៏បានចុះកិច្ចសហការជាមួយគ្នាជាបន្តបន្ទាប់។

លោក DAO NGUC DUNG បានអរគុណដល់ក្រសួងការងារកម្ពុជាបានយកចិត្តទុកដាក់ដល់ជនបរទេសដែលកំពុងធ្វើការនៅកម្ពុជា ក៏ដូចជាជនជាតិរវៀតណាម ដោយគ្រប់គ្រងបានយ៉ាងល្អស្របតាមច្បាប់របស់កម្ពុជា។ លោកបានបន្តថា ភាគីវៀតណាមនឹងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការចែករំលែកបទពិសោធន៍ល្អៗ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈលទ្ធផលនៃជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួនដូចខាងក្រោម៖
១. គាំទ្រ និងជំរុញការវិនិយោគមួយបូកក្នុងប្រទេសទាំងពីរ (បើវិនិយោគនៅវៀតណាម ឱ្យមានវិនិយោគនៅកម្ពុជា)
២. បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងប្រទេសទាំងពីរ
៣. សិក្សារៀបចំបង្កើតសាលាបណ្តុះបណ្តាលនៅតាមព្រំដែនរវាងប្រទេសទាំងពីរ
៤. ផ្លាស់ប្តូរទស្សនកិច្ចរវាងថា្នក់ដឹកនាំ មន្រ្តីជំនាញ គ្រូបច្ចេកទេស និងនិស្សិតរវាងប្រទេសទាំងពីរជាដើម
៥. គាំទ្រឱ្យមានការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនមានសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជនទាំងសងខាង៕